ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន៩នាក់ទៀត ដែលសមត្ថកិច្ចសង្ស័យថា ពួកគេទាំងនេះបានប្រព្រឹតនៅបទល្មើស ដោយប្រើប្រាស់គ្រឿងញៀន នៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់តូច ខណៈអាជ្ញាធរខណ្ឌកំពុងបើកយុទ្ធនាការបំបែកសម្បុកចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងក្តៅគគុកនោះ ។
អាជ្ញាធរខណ្ឌដឹកនាំដោយលោក បុឹល កុសល អភិបាលខណ្ឌសែនសុខបញ្ជាអោយរុះរើផ្ទះ និងបន្ទប់ជួលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនអោយអស់រយះពេល១ខែក្នុងអំឡុងខែកុម្ភៈនេះ ធ្វើយ៉ាងណាបំបែកអោយអស់ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមកក៏ដោយ ជាក់ស្តែងនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧វេលាម៉ោង២២និង១៥នាទី ត្រង់ចំណុចភូមិបុរីកម្មករ(ត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះមកប្រមែប្រមូលអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀន និងអ្នកដែលមានលាក់ទុក និងអ្នកមកទិញគ្រឿងញៀនជាហូរហែរាល់ ហើយជាលទ្ធផលក្នុងយប់នេះ កម្លាំងទាំងអស់បានប្រមូលអ្នកដែលឈរតាមផ្លូវ២៧១ នៅខាងមុខភូមិត្រពាំងឈូក និងមានខ្លះទៀត កាក់ម៉ូតូសួរនាំ និងឆែកឆេរ ក៏បានរកឃើញថ្នាំញៀនចំនួនបីកញ្ចប់តូចៗ ហើយខ្លះទៀត មានលាក់ទុកប៊ីចេងបំរុងយកមកចែកចាយទៀតផង។
បើតាមការសារភាពពីអ្នកប្រើប្រាស់នោះបានឆ្លើយអោយដឹងថា ដោយសារតែមានការអូសទាញពីមិត្តភក្ដិរបស់គេ ទើបរូបគេលង់ប្រើប្រាស់គ្រឿងញៀនហើយបើគេមិនប្រើប្រាស់តាមនោះទេ គេនឹងមិនរាប់រកនោះទេ ហើយដើម្បីមិត្តភក្ដិ រូបគេត្រូវតែប្រើប្រាស់គ្រឿងញៀន។
ក្រោយពេលកើតហេតុ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីពិនិត្យរកសារធាតុញៀននិងចាត់ការតាមនីតិវិធី ៕ តុង សីហា