សារព័ត៌មានរ៉យទ័របានផ្សាយថា អគ្គនាយករងក្រុមហ៊ុនអេឡិចត្រូនិក សាមស៊ុង លោក Jay Y.Lee ទើបតែបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីសួរចម្លើយ ពាក់ព័ន្ធរឿងអាស្រូវនយោបាយរបស់អតីតប្រធានាធិបតី ផាក់ យ៉ុងហេ។
ការសម្រេចចាប់ខ្លួនខាងលើរបស់ចៅក្រម ធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ក្នុងពេលដេលលោក លី បង្ហាញខ្លួននៅក្នុងតុលាការ ទីក្រុងសេអ៊ូល ដើម្បីស្តាប់ការសម្រេចរបស់តុលាការ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ការរិយាល័យព្រះរាជ្យអាជ្ញា បានស្នើចាប់ខ្លួនលោកលី និងអគ្គនាយកក្រុមហ៊ុនសាមស៊ុង គឺលោក Park Sang Jin ពីបទពុលរលួយ ផ្តល់ប្រាក់សំណូក និង ការចោទប្រកាន់ជាច្រើនផ្សេងទៀត ។ ប៉ុន្តែតុលាការបានច្រានចោលសំណើចាប់ខ្លួនខាងលើ ក្រោយពេលត្រួតពិនិត្យ រួចថា លោក ជីន មិនចាំបាច់ត្រូវចាប់ខ្លួនឡើយ បើគិតពីតំណែង និងតួនាទីរបស់លោក។
ក្រុមហ៊ុនសាមស៊ុង និងលោក លី ធ្លាប់បានច្រានចោលការចោទប្រកាស់ខាងលើ ។ នៅពេលចាប់ខ្លួនលោកលី បានបញ្ជាក់ថា លោកនឹងធ្វើឲ្យអស់ពីសមត្ថភាព ដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់ការពិតនៅក្នុងការកាត់ក្តីបន្ទាប់ ។
ការចាប់ខ្លួនអគ្គនាយករដ្ឋលោក លី បើទោះបីមិនប៉ះពាល់ដល់ សកម្មភាពរបស់ក្រុមហ៊ុនធំបំផុតកុរ៉េខាងត្បូង ប៉ុន្តែអាចនឹងប៉ះពាល់ដល់ គោលការណ៍ធំៗមួយចំនួនរបស់ក្រុមហ៊ុន ។
វិស្វករម្នាក់ ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហ៊ុនសាមស៊ុង ដែលមានបុគ្គលិករហូតដល់ជាង១សែននាក់ ប៉ុន្តែរាល់សកម្មភាពដំណើរការរបស់ក្រុមហ៊ុន មិនប៉ះពាល់នោះឡើយ បើទោះជា មេ អវត្តមានក្តី៕ ម៉ែវ សាធី