ខេត្តបាត់ដំបង៖ ស្រ្តីខ្មែរ២នាក់ ដែលធ្វើការងារនៅក្នុងប្រទេសថៃ ហើយត្រូវឃាតក ជាកម្មករខ្មែរដូចគ្នាកាប់ និងចាក់សម្លាប់នៅក្នុងដីថៃយ៉ាងព្រៃផ្សៃនោះ សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងចំណោមស្រ្តីរងគ្រោះទាំង២នាក់ មានស្រ្តីរងគ្រោះម្នាក់ ដែលត្រូវជាប្រពន្ធឃាតករនោះតែម្តង ប្តីរូបនោះជាជនជនខ្មែរ ចូលធ្វើការងារជាកម្មករជាមួយប្រពន្ធហើយបែកថ្នាំ ធ្វើសកម្មភាពចាក់ និងកាប់សម្លាប់ប្រពន្ធ និងអ្នករួមការងារជាមួយ។
សពកម្មករស្រ្តីខ្មែរ២នាក់ ត្រូវបានអាជ្ញាធរថៃដឹកយកមកប្រគល់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចខ្មែរ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេម៉ាង១០ យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីប្រគល់ឱ្យក្រុមគ្រួសារសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
លោកវរសេនីយ៍ត្រី នូ ពេជ្រ អនុប្រធានក្រុមការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិដូង បានប្រាប់ឱ្យដឹងថា ស្រ្តីរងគ្រោះទាំង២នាក់មានឈ្មោះ ១,ង៉ែត ធា អាយុ៣០ឆ្នាំ ស្រ្តីរងគ្រោះរូបនេះត្រូវជាប្រពន្ធឃាតករ ២,ហ៊ូស្រី ម៉ៅ អាយុ២១ឆ្នាំ ចំណែក ជនជាឃាតកមានឈ្មោះ សាន់ ត្រឿន អាយុ៣៥ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅក្នុងទីរួមខេត្តតាកែវ ហើយឆ្លងដែនចូលធ្វើការងារ ជាកម្មករបេះផ្លែមៀន នៅស្រុកពោណាំរ៉ង ខេត្តច័ន្ទបុរី តាមច្រកអន្តរជាតិដូង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ។
លោកប្រាប់ឱ្យដឹងទៀតថា ជុំវិញនៃហេតុការណ៍នោះឃាតក ដែលសម្លាប់ប្រពន្ធខ្លួនឯង និងស្រ្តីម្នាក់ទៀត នៅស្រុកភូមិជាមួយគ្នានោះ បន្ទាប់ពីឃាតកធ្វើសកម្មភាពរួចហើយ ក៏ត្រូវបានតម្រួតថៃ ចាប់ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមរំលឹកថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នា២០១៧ អំពើឃាតកម្មមួយទៅលើស្រ្តីខ្មែរ២នាក់ធ្វើការងារជាកម្មករបេះផ្លែមាននៅក្នុងដីថៃ ស្ថិតនៅក្បែរប៉ុស្ថិ៍តម្រួតព្រំដែនថៃ លេខ១១៥ ក្នុងស្រុកពោណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា ឃាតកបានកាប់និងចាក់សម្លាប់ស្រ្តីរងគ្រោះបណ្តាលឱ្យស្លាប់មិនដឹងមូលហេតុនោះទេ នៅពេលនោះ។
ជនជាឃាតកបន្ទាប់មកត្រូវបានតម្រួតថៃតាមចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចាក់ និងកាប់ស្លាប់ស្រ្តីរងគ្រោះទាំង២នាក់រួចហើយនោះ តម្រួតថៃស្រាវជ្រាវ និងស៊ើបអង្កេតទើបដឹងថា ជនសង្ស័យជាឃាតកត្រូវជាប្តីស្រ្តីរងគ្រោះម្នាក់ ក្នុងចំណោមស្រ្តីរងគ្រោះទាំង២នាក់ ។
ការចាក់សម្លាប់ពីសំណាក់ជនល្មើសទៅលស្រ្តីរងគ្រោះមុនដំបូងគេចាក់សម្លាប់ស្រ្តីម្នាក់ដែលរស់នៅភូមិ ជាមួយគ្នា និងកំពុងធ្វើការងារនៅក្នុងចំការដីថៃ បន្ទាប់មកជនល្មើសក៏បន្តទៅកាប់ និងចាក់សម្លាប់ប្រពន្ធខ្លួនឯងថែមទៀត ដោយសារតែជនល្មើសបែកថ្នាំ មិនជាប់ពាក់ព័ន្ធនឹងរឿងប្រចណ្ឌនោះឡើយ ៕ សំ វិច្ឆិកា