ភ្នំពេញ៖ ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹង លើម៉ូតូសណ្តោងរុឺម៉កដោយខ្យល់គរ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខឃ្លាំងក្រុមហ៊ុនលក់រថយន្តយីហោវ៉ាន់ឆាយ នៅក្នុងភូមិទី៣ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មួង ភារម្យ ភេទប្រុស អាយុ៥៨ឆ្នាំ មានមខរបររត់ម៉ូតូសណ្តោងរុឺម៉ក ស្នាក់នៅនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះមានកូនប្រុស ស្រីចំនួន៨នាក់ (ប្រុស៣នាក់ ស្រី៥នាក់) ហើយត្រូវបានប្រពន្ធរត់ចោលទៅនៅឯស្រុកកំណើត នៅស្រុកសំពៅលូន ខេត្តបន្ទាយមានជ័យ រយៈពេល២ឆ្នាំមកហើយ ដោយបុរសខាងលើដើរធ្វើការរកលុយមួយខែៗ មិនដែលឱ្យលុយកាក់ជួយ់ចិញ្ចឹមកូននោះឡើយ ទើបប្រពន្ធដាច់ចិត្តនាំកូនៗទៅនៅឯស្រុកកំណើតបាត់ទៅ ។
ក្រុមគ្រួសារបានបន្តទៀតថា ក្រោយពីប្រពន្ធនាំកូនចាកចេញទៅនៅឯស្រុកកំណើតបាត់នោះ បុរសខាងលើបានទិញរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង មករត់ដើម្បីរកប្រាក់ចិញ្ចឹមខ្លួន បន្ទាប់រត់រ៉ឺម៉កម៉ូតូកង់បីបានប្រាក់បន្តិចបន្តួចមក គិតតែពីទិញស្រាសស្រាថ្នាំផឹកស្រវឹងជោកជាំជារៀងរាល់ថ្ងៃ ពុំសូវបានហូបបាយទៀងទាត់ទេ ហើយនៅពេលយប់ម្តងៗ គឺរូបគាត់តែងចតរ៉ឺម៉កកង់បី ចងអង្រឹងសម្រាកនៅម្តុំកើតហេតុជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែនៅយប់កើតហេតុ គេមិនដឹងថា រូបគាត់មកសម្រាកទីនោះស្មើម៉ាននោះទេ ស្រាប់តែព្រឹកឡើង គេឃើញជនរងគ្រោះដេកស្លាប់លើអង្រឹកក្នុងរ៉ឺម៉កម៉ូតូកង់បីបាត់ទៅហើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅម៉ោង៦និង៣០នាទីព្រឹក បុគ្គលិកក្រុមហ៊ុនលក់រថយន្តខាងលើម្នាក់ បានបើកទ្វាររបងឃ្លាំង ហើយបានបើករថយន្តចេញមកក្រៅដើម្បីដាក់តម្រៀបនៅមុខក្រុមហ៊ុនលក់ ហើយដោយឃើញរ៉ឺម៉កម៉ូតូកង់បីជនរងគ្រោះចតដេកនៅខាងមុខទីនោះ ក៏រត់ទៅអង្រួនដាស់ឱ្យជនរងគ្រោះក្រោក ដើម្បីយកចេញ ពេលយកដៃទៅអង្រួននោះ ស្រាប់តែដងខ្លួនជនរងគ្រោះមានស្ថានភាពរឹងដូចគល់អុសបាត់ទៅហើយ ដោយគេមិនដឹងថា ជនរងគ្រោះស្លាប់តាំងពេលណានោះឡើយ។
ប្រភពបានបន្តឱ្យដឹងថា បន្ទាប់ពីឃើញបែបនេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ និងអ្នកជិតខាងមកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមួលរដ្ឋានឱ្យចុះមកពិនិតនៅកន្លែកកើហេតុ ។ ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើហេតុ ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។
ក្រោយមកដោយសារក្រុមគ្រួសារមិនបានប្តឹងផ្តល់អ្វី ក៏ធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តព្រែកលៀប ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ៕ ជ្រោយពេជ្រ