ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងលួចឆ្មក់ដឹកឈើប្រណីតចេញពីស្រុកសៀមប៉ាង ដែលកម្លាំងកងរាជអាវុធហត្ថចាប់បង្ក្រាបកាលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៧.០០នាទីយប់ និងនៅព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីក្បែរគល់ស្ពានសេកុងស្ទឹងត្រែង ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បើតាមប្រភពព័ត៌មានអោយដឹងថា រថយន្តសាំយ៉ុងទាំង២គ្រឿងខាងលើបានលួចឆ្មក់ដឹកឈើប្រណីតចេញពីស្រុកសៀមប៉ាងក្នុងគោលបំណងយកទៅស្តុកក្នុងខេត្ត រួចសាងបន្តទៅអោយរថយន្តសាំយ៉ុងតាក់ស៊ី ដឹកអ្នកដំណើរពេលទៀបភ្លឺឆ្ពោះទៅកាន់ខេត្ត និងទីផ្សារនាៗ ជាពិសេសទៅទៀត ឈើនេះនាំចូលទៅប្រទេសវៀតណាម ហើយជំនាញមេព្រៃ គេមិនដែលឃើញបង្ក្រាបនោះទេ បែរជាបណ្តែតបណ្តោយអោយរថយន្តដឹកឈើ តែងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃ មិនដឹងថា មកពីមូលហេតុអ្វី បានជាជំនាញហាក់បីដូចសម្ងំដូចជាត្រូវថ្នាំសណ្តំ រួចចាំតែទទួលវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដទៃបង្ក្រាបបានស្រាបៗ។
សមត្ថកិច្ចដែលចុះបង្ក្រាបអោយដឹងថាៈដោយមានការសហការគ្នា ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផ្តល់ព័ត៌មានសម្ងាត់ និងលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបញ្ជាផ្ទាល់ ទើបឈានដល់បង្ក្រាបរថយន្តសាំយ៉ុងលួចដឹកឈើប្រណីតពីរគ្រឿងដឹក ដោយខុសច្បាប់ចេញពីស្រុកសៀមប៉ាង នៅចំណុចខាងលើ។
លោកសួន ម៉េងលី នាយសង្កាត់ដុងក្រ បានអោយដឹងថា លោកបានទទួលរថយន្តទាំង២ ព្រមទាំងឈើប្រណីតរួចមក នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ រថយន្តទាំង២ដែលដឹកឈើប្រណិតជាប្រភេទ រថយន្តម៉ាកសាំយ៉ុងដូចគ្នា ទី១គឺពណ៌សរ ក្រវ៉ាត់ទៅដោយពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2S-7658 និង១គ្រឿងទៀត ពណ៌បៃតង បិតស្កុត ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-6386 ។
លោកបន្តថា ឈើដែលនៅលើរថយន្តទាំង២ខាងលើនោះជាឈើប្រណីតប្រភេទធ្នង់សុទ្ធ មានចំនួន១៤៦ដុំ និងស្លឹក ហើយខណៈនេះបាននឹងកំពុងវាស់រកចំនួនម៉ែត្រគូប នៅមិនទាន់ដឹងនៅឡើយទ ៕ មាស សុផាត