ខេត្តសៀមរាប៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ សហការជាមួយនគរបាលមូលដ្ឋានបានចុះបង្រ្កាបករណីល្បែងស៊ីសង (ជល់មាន់) លួចលាក់មួយកន្លែង នៅក្នុងព្រៃ ខណៈពួកគេបានឃើញសមត្ថកិច្ចទៅដល់នាំគ្នារត់បាតជើងសព្រាតអស់តែម្តង ប៉ុន្តែបន្សល់ទុកវត្ថុតាងមួយចំនួនធំ បញ្ជូនយកមករក្សាទុកនៅអធិការស្រុកស្វាយលើបណ្តោះអាសន្ន។
ការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា មុននឹងឈានដល់ការបង្ក្រាបទីកន្លែងប្រជល់មាន់នេះ គឺសមត្ថកិច្ចបានស្រាវជ្រាវ ជាច្រើនលើកមកហើយ ទើបឈានដល់ការបង្ក្រាបបាន ដោយសារតែក្រុមអ្នកញៀនល្បែងនេះ តែងតែនាំគ្នាចល័តទីតាំងជល់មាន់ជារៀងរហូត ជាពិសេសពេលម៉ោង១១តែម្តង ដែលជាពេលវេលារបស់បងប្អូន ក៏ដូចជាសមត្ថកិច្ចសម្រាកពេលបាយថ្ងៃត្រង់តែម្តង ។
លោកបានបន្តថា បន្ទាប់ពីកម្លាំងតាមដានឃើញទាន់ ខណៈនោះ ពួកញៀនល្បែងទាំងអស់ ឃើញកម្លាំងភ្លាមៗ ក៏នាំគ្នារត់បាតជើងសព្រាតពីចម្ងាយ ធ្វើឱ្យសមត្ថកិច្ចតាមចាប់មិនបាន។
ក្នុងកិច្ចប្រតិបត្តការខាងលើនេះ សមត្ថកិច្ចនគរបាលបានចាប់បានតែវត្ថុតាងដូចជា៖ ជញ្ជើងថ្លឹងមាន់ចំនួន០១គ្រឿង មាន់ជល់០២ក្បាល ម៉ូតូចំនួន០៨គ្រឿង ប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីឱ្យម្ចាស់ចូលខ្លួនមកធ្វើកិច្ចសន្យាអប់រំ បើនៅមិនរាងចាលទេ សមត្ថកិច្ចនគរបាលនឹងអនុវត្តតាមវិធានការច្បាប់ ៕ បុនរិទ្ធី