ព័ត៌មានទាន់ហេតុការណ៍៖

គ្រូ និងសិស្សនៃវិទ្យាល័យហ៊ុនសែនរលាប្អៀរឆ្ងល់រឿងនាយកសាលាកាប់ដើមឈើក្នុងបរិវេណសាលា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនរលាប្អៀរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ ពីបានឃើញ ដើមឈើនៅក្នុងបរិវេណសាលាជាច្រើនដើម ត្រូវបាននាយកសាលាធ្វើការកាប់រំលំ កន្លងទៅថ្មីៗនេះដោយពុំដឹងមូលហេតុ មិនបានផ្តល់ព័តមានដល់ លោកគ្រូ អ្នកគ្រូ និងសិស្សនៅទីនោះ ។

គ្រូបង្រៀនម្នាក់នៅក្នុងសាលាវិទ្យាល័យនេះ ស្នើសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ដើមឈើជាច្រើនដើមដែលត្រូវកាប់រំលំនេះ ជាដើមឈើប្រភេទដើមអាកាស្យា និង ប្រេងខ្យល់ ដែលបានដាំជាច្រើឆ្នាំមកហើយ ទំរាំបានធំៗបែបនេះ ហើយនៅពេលស្រាប់តែឃើញនាយក សាលាហៅគេមកកាប់រំលំទៅវិញ ។ ហើយការកាប់រំលំនេះត្រូវបានគេមើលឃើញថា មានក្រុមហ៊ុនឯកជនមកទិញយកដើមឈើនេះទៀតទើបធ្វើអោយពួកគាត់ដែលជាគ្រូនៅទីនោះ មានការងឿងឆ្ងល់ខ្លាំងចំពោះបញ្ហានេះ ដោយសារលោកនាយកសាលាមិនបានផ្តល់ព័តមានច្បាស់លាស់ទាំងនេះដល់ពួកគាត់ ។

ចំណែកឯសិស្សក៍បានបញ្ចេញមតិផងដែរថា រូបគេពិតជាមានការសោកស្តាយណាស់ នៅពេលដែលឃើញដើមឈើដែលធ្លាប់ផ្តល់ជាម្លប់សំរាប់ជ្រកនោះ ត្រូវបានឈ្មួញមកកាប់យកទៅដូចនេះ ។

ពាក់ព័ន្ធនិងករណីនេះ លោកសោម វឺន អភិបាលស្រុករលាប្អៀរបានប្រាប់តាមទូរស័ព្ទព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះថា ការកាប់ដើមឈើនៅក្នុងបរិវេណសាលាហ៊ុនសែនរលាប្អៀរនេះ ពិតជាមានមែន គឺលោកនាយកសាលាបានអោយគេកាប់ពិតប្រាកដ ។ ប៉ុន្តែការកាប់ដើមឈើនៅក្នុងសាលានេះ ដើម្បីធ្វើការសាងសង់របងថ្មី និង អគារសិក្សាថ្មី ដែលជាអំណោយរបស់ សម្តេចហ៊ុន សែន ដែលបានផ្តល់ជូននាពេលកន្លងមក ។ ហើយការភ្ញាក់ផ្អើលនៃការកាប់ដើមឈើនេះ គឺដោយសារតែមានការយល់ច្រឡំ ខ្វះព័ត៌មានពីគ្នាទៅវិញទៅមក ទើបបានជាមានរឿងបែបនេះ ។

ចំណែកឯកលោក សោម ឡូត នាយកសាលាហ៊ុនសែនរលាប្អៀរ បានប្រាប់តាមទូរស័ព្ទ នៅថ្ងៃនេះ(២៣ កុម្ភៈ ) ថា ពិតជាមានការកាប់ដើមឈើមែន ដែលជាប្រភេទដើមអាកាស្យា និង ដើមប្រេងខ្យល់ ការកាប់នេះដើម្បីធ្វើរបងថ្មី ជំនួសរបងចាស់ និង ត្រៀមពីផលប៉ះពាល់ នៃការពង្រីកផ្លូវជាតិលេខ៥នៅពេលខាងមុខ ។ ចំពោះទីតាំងដែលកាប់រំលំដើមឈើនេះ នឹងធ្វើការកែប្រែដាំដើមផ្កាវិញដើម្បីកែលំអបរិស្ថានសាលា ។ ចំពោះការចោទប្រកាន់ថាលោកនាយកសាលាបានលក់ដើមឈើដែលកាប់នេះ គឺពិតជាបានលក់ពិតប្រាកដមែន គឺលក់ទៅអោយក្រុមហ៊ុនឯកជន ដែលគេទិញដើមឈើប្រភេទនេះ ដែលលុយដែលបានពីការលក់នេះ គឺលោកទុកក្នុងថវិការបស់សាលា មិនយកខ្លួនឯងនោះទេ ។ ហើយនៅថ្ងៃនេះ ដើម្បីកុំអោយ មានការភ័ណ្ឌច្រឡំពីរឿងកាប់ដើមឈើក្នុងសាលានោះ ខាងការិយាល័យអប់រំ យុវជននិងកីឡាស្រុករលាប្អៀរ ជាមួយនិងមន្ទីរ បានកោះអញ្ជើញលោកគ្រូ អ្នកគ្រូ មកប្រជុំផ្សព្វផ្សាយ អំពីគោលបំណងនៃការកាប់ដើមឈើនេះ និងប្រាប់ពីថវិកាដែលបានមកពីការលក់ដើមឈើនេះ យកទៅដាក់នៅកន្លែងណា ៕ ចន្ថា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖