ខេត្តមណ្ឌលគិរី៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំហើយបានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងចាប់យករថយន្តរ៉េវដឹកឈើ៨គ្រឿង ។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសទទួលបន្ទុកព័ត៌មាន និងស្រាវជ្រាវ បង្ក្រាបបទល្មើសក្រោមការបញ្ជាដោយ ផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាប្រធានគណៈកម្មាធិការ ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ជាក់ស្តែងកម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ចាប់យករថយន្តរ៉េវ រថយន្តបាកុងដឹកឈើ៨គ្រឿង។ ដោយ ឡែកពលរដ្ឋខ្មែរចំនួន៥នាក់ជាអ្នកចូលទៅកាប់ឈើធ្វើដងកាំបិតរើសចំនៀរឈើ និងជាជាងធ្វើស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនអូរហ៊ុចត្រូវបានប្រគល់ឲ្យអាជ្ញាធរសមត្ថកិច្ចនិងជំនាញបរិស្ថានអប់រំរួច ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ។
មុនឈានដល់ការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងនេះកម្លាំងសម្ងាត់បាន ទទួលព័ត៌មានថាមានក្រុមឈ្មួញវៀតណាម បានប្រើប្រាស់រថយន្តបាកុងរថយន្តរ៉េវ និង ត្រាក់ទ័រប្រមាណជាង៤០គ្រឿងជាមួយនឹង កម្មករជិត១០០នាក់ចូលមកកាប់ផ្តួល និងដឹកឈើក្នុងទឹកដីខ្មែរតាមច្រករបៀងអូរ ហ៊ុចឋិតនៅចំណុចឃុំស្រែខ្ទុម ស្រុកកែវ សីមាជាប់ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងនោះមានសមត្ថកិច្ចនគរបាល យោធា ការពារព្រំដែនយកលុយពីឈ្មួញវៀតណាម មកចាត់ចែងរត់ការជាមួយអាជ្ញាធរសមត្ថកិច្ចជំនាញជាច្រើនស្ថាប័ននៅខេត្តមណ្ឌល គិរីដើម្បីចូលកាប់ឈើនិងប្រមូលដឹកជញ្ជូន ឈើក្នុងទឹកដីខ្មែរ ។
ចំពោះសកម្មភាពបទល្មើសព្រៃឈើនេះ ផងដែរគឺគេរៀបចំជាលក្ខណៈប្រព័ន្ធក្នុងនោះថែមទាំងឲ្យមានការឈូសឆាយផ្លូវចេញ ពីចំណុចខាងក្រោយស្នាក់ការបរិស្ថានជា សម្ងាត់ និងលាក់លៀមរហូតដល់ច្រកអូរហ៊ុចចម្ងាយជាង១០គីឡូម៉ែត្រជាមធ្យោ បាយសម្រាប់ឲ្យកម្មករវៀតណាមចូលមក អារផ្តួលរំលំឈើហុបមូលឲ្យរថយន្តបាកុង រថយន្តរ៉េវ ត្រាក់ទ័រវៀតណាមចូលមក ប្រមូលដឹកជញ្ជូនឈើក្នុងទឹកដីខ្មែរយកទៅវៀតណាម។ ករណីនេះរត់ការនៅខេត្ត មណ្ឌលគិរីជាមួយអាជ្ញាធរសមត្ថកិច្ចជំនាញ ជាច្រើនស្ថាប័ន ពិសេសនគរបាលយោធាការពារព្រំដែនជិតមួយលានដុល្លារ ។
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា កម្លាំងរបស់យើងបង្ក្រាបក្នុងបទល្មើសជាក់ស្តែង ក្នុងនោះជាបឋមកម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ចាប់យករថយន្តរ៉េវ រថយន្តបាកុងដឹកឈើ ៨គ្រឿង។ ដោយឡែកពលរដ្ឋខ្មែរចំនួន៥នាក់ជាអ្នកចូលទៅកាប់ឈើធ្វើដងកាំបិត រើសចំនៀរឈើ និងជាជាងធ្វើស្នាក់ការ ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរហ៊ុចត្រូវបានប្រគល់ឲ្យអាជ្ញាធរ សមត្ថកិច្ច និង ជំនាញបរិស្ថានអប់រំរួចឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ។
លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យជាជនជាតិរៀតណាម ទាំង៧នាក់តាមនីតិវិធីដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តឈានដល់ការស្រាវជ្រាវជនពាក់ព័ន្ធបទឧក្រិដ្ឋបំផ្លាញព្រៃ ឈើនៅខេត្តមណ្ឌលគិរីនេះ៕ សុខ ខេមរា