ភ្នំពេញ៖ លោកហ៊ុន ម៉ាណែត មេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មបានឲ្យដឹងតាមរយៈហ្វេសប៊ុករបស់លោកកាលពី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ ស្នើឲ្យសារព័ត៌មានដើមត្នោតបង្ហាញឈ្មោះ ជំនួយការជានាយទាហានជាង២០នាក់ របស់លោកដែលសារព័ត៌មានដើមត្នោតចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលការចុះផ្សាយត្រូវបានលោក ហ៊ុន ម៉ាណែត អះអាងថា មិនមែនជាការពិត ។
សារព័ត៌មានដើមត្នោតបានចេញផ្សាយ ដោយដាក់ចំណងជើងថា «កូនប្រុសច្បងបុរសខ្លាំងដែលជាទាហានពាក់ផ្កាយ៣និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មមានទាហានជាង ២០នាក់ជាជំនួយការ»។
តាមរយៈហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧បានរៀបរាប់យ៉ាងដូច្នេះថា «ដល់ ខួបបង្កើតរឿងប្លែកៗទៀតហើយ។ គ្រាន់តែ ចុះពីលើយន្តហោះភ្លាមម៉ោងជិត១ភ្លឺបើកទូរស័ព្ទមើលក៏ភ្ញាក់ព្រើត ព្រោះមានមិត្តម្នាក់ គាត់ផ្ញើព័ត៌មានប្លែកមួយថ្មីដែលសារព័ត៌មានដើមត្នោតបានសរសេរហើយយកចុះលើគេហទំព័ររបស់គេដោយថាខ្ញុំមាន ជំនួយការដល់ទៅជាង២០នាក់ហើយពាក់ សុទ្ធតែស័ក្តិ៥។ អានភ្លាមខ្ញុំផ្ទុះសំណើចហើយគ្រវីក្បាលរហូតដល់អ្នកដើរក្បែរ ងាកមើល ព្រោះវាជាព័ត៌មានមួយថ្មីដែល ធ្វើឲ្យខ្ញុំអស់សំណើចសើចដោយហួសចិត្ត។ ពេលជាមួយគ្នាខ្ញុំក៏ឆ្ងល់ថា តើជំនួយការ របស់ខ្ញុំស័ក្តិ៥ទាំង២០នាក់ជាងនោះមក ពីណាហើយមានឈ្មោះអ្វីខ្លះ?»។
លោក ហ៊ុន ម៉ាណែត បានបន្តថា «ខ្ញុំក៏បន្តអានអត្ថបទដែលបានចុះនោះ២ទៅ៣ ដងហើយខំប្រឹងមើលថា តើមានអ្វីដែលឆ្លើយ នឹងការងឿងឆ្ងល់របស់ខ្ញុំខាងលើទេ ពោល គឺមានបង្ហាញជាមូលដ្ឋានឯកសារអ្វីច្បាស់លាស់ទេ ក្រែងខ្ញុំភ្លេច។ ប៉ុន្តែអានប៉ុន្មានដង ក៏មិនឃើញមានអ្វីដែលសារព័ត៌មានដើមត្នោតបង្ហាញជាភស្តុតាងច្បាស់លាស់ក្រៅ តែពីនិយាយចោលថា ខ្ញុំមានជំនួយការ ជាង២០នាក់ដែលសុទ្ធតែជាស័ក្តិ៥។ ដើម្បី ឲ្យខ្ញុំបានអស់ចម្ងល់ក៏ដូចជាឲ្យអ្នកអានព័ត៌ មានដើមត្នោតបានឃើញការពិតខ្ញុំសូមឲ្យសារព័ត៌មានដើមត្នោតមេត្តាជួយបង្ហាញឈ្មោះជំនួយការសក្តិ៥របស់ខ្ញុំទាំងជាង ២០នាក់នោះផង និងសូមបង្ហាញឯកសារតែងតាំងក្រុមជំនួយការនោះផងដូចដែលបានយកឯកសារតែងតាំងខ្ញុំមកបង្ហាញ អ៊ីចឹង»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «បើ បានដូច្នេះនឹងជួយឲ្យខ្ញុំអស់ឆ្ងល់និងឲ្យបងប្អូនអ្នកតាមដានព័ត៌មានដើមត្នោតបាន ទទួលភាពកក់ក្តៅពីសារព័ត៌មាននេះថា ជាសារព័ត៌មានមួយដែលអាចទុកចិត្តបាន មិនមែនចេះតែចុះផ្សាយព័ត៌មានដោយអត់មានការទទួលខុសត្រូវ ឬដោយគ្មានមូល ដ្ឋានភស្តុតាងឯកសារច្បាស់លាស់នោះទេ បាទ។ ប៉ុន្តែបើមិនអាចបង្ហាញភស្តុតាងនោះទេខ្ញុំសូមឲ្យសារព័ត៌មានដើមត្នោតធ្វើការងារមួយដែលសារព័ត៌មានដែលមាន លក្ខណៈជាអាជីព និងមានការទទួលខុសត្រូវខ្ពស់គួរធ្វើនោះគឺកែសម្រួលខ្លឹមសារព័ត៌ មានរបស់ខ្លួន និងទទួលស្គាល់ការពិតថា ខ្លួនមិនមានឯកសារឬភស្តុតាងគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ព័ត៌មានដែលខ្លួនបានចុះផ្សាយនោះទេ។ ខ្ញុំជឿថាបងប្អូនជាច្រើននាក់ប្រាកដជាសង្ឃឹមដូចខ្ញុំដែរថា សារព័ត៌មានដើមត្នោតនឹងឆ្លើយតបជាមិនខានទៅនឹងសំណូមពររបស់ខ្ញុំ ព្រោះពេលនោះយើងទាំងអស់គ្នានឹងបានដឹងការពិត ហើយក៏អាចឃើញថាសារព័ត៌មានដើមត្នោតជាសារព័ត៌មានប្រភេទណា។ សូម អរគុណទុកជាមុន» ៕ ហេង សូរិយា