ខេត្តសៀមរាប៖ តាមប្រភពច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា មានអ្នករត់ការយកលុយក្នុងតម្លៃ៦០០០ដុល្លារ ដើម្បីប្រឡងចូលក្របខ័ណ្ឌនគរបាលជាប់ជាស្ថាពរ និងរឿងរង្គោះរង្គើផ្ទៃក្នុង នៃអធិការដ្ឋាននគរបាលក្រុងពីសំណាក់ មន្ត្រីនគរបាលគ្នាឯងបានកំពុងធ្វើឱ្យមហាជនរិះគន់ថា ជាអំពើពុករលួយចាក់ស្រេះ ក្នុងប្រព័ន្ធការងារសមត្ថកិច្ចនគរបាលមានការធ្លាក់ចុះហើយបើថ្នាក់លើមិនមាន ចំណាត់ការច្បាស់លាស់ទៅលើមន្ត្រីទាំងនោះទេប្រាកដជាមានបញ្ហាមិនខាន ។
ប្រភពព័ត៌មានពីឪពុករបស់យុវជន ដែលប្រឡងចូលបម្រើការងារជានគរ បាលមិនជាប់ដូចបំណងសុំមិនបញ្ចេញ ឈ្មោះថា គាត់បានឱ្យកូនទៅដាក់ពាក្យ ប្រលងចូលបម្រើការងារជានគរបាលហើយ គាត់បានទៅពឹងលោក ដា ចំរើន ដែលជា អធិការស្តីទីនគរបាលក្រុងសៀមរាបដោយ បានឱ្យលុយកក់ចំនួន២.៥០០ដុល្លារជាថ្នូរ រត់ការមុនក្រោយមកកូនរបស់គាត់ប្រឡងធ្លាក់ទើបគាត់ទារលុយនោះពីលោក ដា ចំរើន មកវិញប៉ុន្តែមិនទាន់បាននៅ ឡើយទេ។ ប្រភពដដែលបន្តថា ក្នុងភូមិ កន្ត្រក់ សង្កាត់ស្វាយដង្គុំមានអ្នកដាក់ពាក្យប្រឡងចូលបម្រើការងារជានគរបាលជាង ១០នាក់តែមិនដឹងថា អស់លុយប៉ុន្មាន នោះទេ ។
ប្រភពពីមន្ត្រីនគរបាលម្នាក់ដែលសុំ មិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ថា នៅ ក្នុងជួរអធិការក្រុងសៀមរាបហាក់ដូចជាចែកលុយពុករលួយមិនស្មើគ្នានិងមិនស៊ី ចង្វាក់នឹងគ្នាទេដោយសារតែលោកអធិ ការក្រុងរវល់ ហើយបានប្រគល់តួនាទីទៅឱ្យអធិការស្តីទីម្នាក់គឺលោកអនុសេនីយ៍ឯក ដា ចំរើន ដែលមានវ័យក្មេងជាង អ្នកផ្សេងៗនោះ។ ប្រភពបានបន្តថា លោក ដា ចំរើន បានបញ្ចេញកាយវិការក្រអឺត ក្រទមនិងថែមទាំងជេរប្រមាថដល់មន្ត្រីថ្នាក់ក្រោមមួយចំនួនដែលមានវ័យចាស់ជាងនោះផង ។
ទាក់ទិននឹងករណីពុករលួយប្រឡង ចូលក្របខ័ណ្ឌនគរបាលនេះលោកអនុ សេនីយ៍ឯក ដា ចំរើន អធិការស្តីទីបានឱ្យ ដឹងកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ថា រឿងលុយ២.៥០០ដុល្លារដែល គេចោទប្រកាន់ថាយកមកឱ្យលោករត់ការ ដើម្បីឱ្យកូនគេជាប់ជានគរបាលនោះគឺ លោកសូមបដិសេធទាំងស្រុង បើនរណា ថាលោកយកលុយនោះសូមឱ្យអ្នកនោះ មកជួបទល់មុខគ្នាប្រសិនបើមិនពិតទេ ប្រយ័ត្នលោកប្តឹងទៅវិញ។ ចំពោះករណី រង្គោះរង្គើផ្ទៃក្នុងអធិការក្រុងលោកមិនបានបកស្រាយនោះឡើយ ព្រោះការងារជាអធិ ការស្តីទីនេះលោកអធិការបានឱ្យលោក ទទួលជាបណ្តោះអាសន្នសិនតែប៉ុណ្ណោះ។ រីឯការដែលលោកជេរប្រមាថមន្ត្រីថ្នាក់ក្រោមលោកមិនបានជេរដូចពាក្យគេថានោះឡើយ។ លោកបានបញ្ជាក់ថា រឿងខ្លះមានអ្នកអន់ចិត្តនឹងលោកក៏ស្រេចតែចិត្តទៅ ព្រោះថ្នាក់លើបានដាក់ឱ្យហើយរឿងលោកបានធ្វើការជាអធិការស្តីទីនេះវាមិនមែនជាលើកទី១នោះទេជាច្រើនដងមក ហើយ ។
ជុំវិញករណីខាងលើនេះនគរវត្តមិន អាចសុំការពន្យល់ពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀម រាបបានទេកាលពីរសៀលថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៧ ដោយទូរស័ព្ទរបស់លោក នៅក្រៅតំបន់សេវា។ ប៉ុន្តែប្រភពផ្សេងបាន ប្រាប់ថា លោកអធិការបានទៅទស្សនកិច្ចនៅប្រទេសថៃ ហើយបានផ្ទេរភារកិច្ចនេះ ឱ្យលោកអនុសេនីយ៍ឯក ដា ចំរើន ដែលជាអធិការស្តីទីមើលការងារខុសត្រូវមួយ រយៈសិន ។
ប្រភពខ្លះបានបង្ហើបថា ការប្រឡង ជ្រើសរើសកម្លាំងនគរបាលបន្ថែមក្នុងខេត្តសៀមរាបកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅវិទ្យាល័យអង្គរក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប នេះមានភាពសុក្រិតល្អណាស់ ប៉ុន្តែក៏មាន មន្ត្រីនគរបាលខ្លះប្រើប្រាស់រូបមន្ដត្រីងៀត ឆ្លៀតពងផងដែរ។
ជុំវិញករណីនេះដែរលោកឧត្តមសេនីយ៍ ទោ សត ណាឌី ស្នងការនគរបាលខេត្ត សៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
ទោះជាយ៉ាងណាគេសង្ឃឹមថា ខាងអគ្គ ស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ អាចជួយពិនិត្យពីភាពមិនប្រក្រតីនេះជូនជន រងគ្រោះនិងមន្ត្រីមួយចំនួនក្នុងខេត្តសៀមរាបដើម្បីចៀសវាងមានបញ្ហា ៕ ប៊ុន រិទ្ធី