ខេត្តស្វាយរៀងៈ អនុវត្តតាមផែនការ លេខ ០១ ផ.ក ចុះថ្ងៃទី ១៣-ធ្នូ-២០១៦ របស់ រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ ខែ ( ចាប់ពីថ្ងៃទី ០១ ខែ មករា ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ) និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យហ៊ុន សែនស្វាយតាយាន ស្ថិតក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកគំពង់រោទ៏។
ក្នុងនោះដែរ ក៏មានការចូលរូមពីសំណាក់មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុហត្ថខេត្តស្វាយរៀង លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៥០០នាក់ ។
ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯកស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏បានថ្លែងថា ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់អោយរូបលោកចុះផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្សទាំងអស់ក្នុងខេត្តអោយបានជ្រាបជាព័ត៌មានពីផលប៉ះពាល់ និងបានលើកយក មាត្រាមួយចំនួនពាក់ពន្ធ័ និងការដាំដុះ ជូញដូរ រក្សាទុក ចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ។
បន្ទាប់មកលោក វរសេនីយ៍ទោ យ័ន្ត សេង ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន ។
ជាចុងបញ្ចប់ ក្នុងពិធីនេះដែរ ក៏មានសំណួរចម្លើយ ដែលសិស្សានុសិស្សណាឆ្លើយត្រូវជូនរង្វាន់ ម្នាក់ ទទូលបានសៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកា១០.០០០រៀល(មួយម៉ឺន ) ព្រមទាំងចែកជូនសៀវភៅក្រមព្រហ្មទ័ណ្ឌ ១ច្បាប់ ក្រមរដ្ឋប្បវេណី១ច្បាប់ ច្បាប់ស្តីីពីការប្រើប្រាស់គ្រឿងញៀន១ច្បាប់ ដល់លោកគ្រូ អ្នកគ្រូសម្រាប់ប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ថា កងរាជអាវុធហត្ថខេត្តស្វាយរៀងចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន២លើករួចមកហើយ មានវិទ្យាល័យពោធិ៍ធំ ក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ និងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែនចន្ទ្រា ស្ថិតនៅភូមិបុស្ស ស្រុកចន្ទ្រាផងដែរ ៕ យឹម សុថាន