ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ថា គម្រោងពង្រីក FIFA World Cup បុរសដល់ 64 ក្រុម នឹងត្រូវបានពិភាក្សា និងវាយតម្លៃបន្ទាប់ពីការប្រកួត World Cup 2026 បញ្ចប់ ដោយលោកបានលើកឡើងថា ការប្រកួតនេះគួរតែជារបស់ ពិភពលោកទាំងមូល។
គំនិតពង្រីកទៅ 64 ក្រុមត្រូវបានលើកឡើងកាលពីឆ្នាំមុន ហើយលោក Infantino បាននិយាយថា ភាពជោគជ័យនៃ World Cup 2026 ដែលមាន 48 ក្រុម បង្ហាញថា FIFA គួរតែសិក្សាថា តើការប្រកួត 64 ក្រុមអាចដំណើរការបានដែរឬទេ។
លោកបានថ្លែងថា៖ «បន្ទាប់ពី World Cup នេះ យើងនឹងពិនិត្យ និងពិភាក្សាលើបញ្ហាទាំងនេះ។»
លោកបន្ថែមថា៖ «ការរៀបចំ World Cup គួរតែសម្រាប់ពិភពលោកទាំងមូល មិនមែនតែអឺរ៉ុប និងអាមេរិកខាងត្បូងប៉ុណ្ណោះទេ។ ប្រទេសទាំងអស់គួរតែមានក្តីស្រមៃថាអាចឡើងលេង World Cup បាន។»
Infantino ក៏បានបញ្ជាក់ថា គុណភាពក្រុមជម្រើសជាតិនៅទូទាំងពិភពលោកកំពុងកើនឡើង ហើយប្រសិនបើប្រទេសតូចៗមិនមានឱកាសចូលរួមទេ ពួកគេនឹងខ្វះការលើកទឹកចិត្តក្នុងការអភិវឌ្ឍ។
World Cup ដែលមាន 48 ក្រុមទទួលបានជោគជ័យ
លោក Infantino បានចាត់ទុក World Cup 2026 ដែលមាន 48 ក្រុមថា ជោគជ័យយ៉ាងខ្លាំង ដោយលើកឧទាហរណ៍ថា៖
ក្រុមអាហ្វ្រិក 9 ក្នុងចំណោម 10 ក្រុម បានឡើងវគ្គចាញ់ធ្លាក់ Knockout។
ខណៈ World Cup មុន អាហ្វ្រិកមានតែ 5 ក្រុមប៉ុណ្ណោះ។
លោកបាននិយាយថា នេះបង្ហាញពីសារៈសំខាន់នៃការផ្តល់ឱកាសដល់ប្រទេសជាច្រើន។
សំណើ 64 ក្រុមមិនទាន់មានការសម្រេច
FIFA បានអនុម័តពង្រីក World Cup ពី 32 ទៅ 48 ក្រុម តាំងពីឆ្នាំ 2017។
នៅខែមេសា ឆ្នាំ 2025 សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានដាក់សំណើផ្លូវការឱ្យ World Cup 2030 ពង្រីកទៅ 64 ក្រុម ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្ត នៅឡើយទេ។
World Cup 2030 នឹងរៀបចំរួមដោយ៖ អេស្ប៉ាញ ព័រទុយហ្គាល់ និង
ម៉ារ៉ុក។
ខណៈការប្រកួតបើកឆាក 3 ប្រកួត នឹងធ្វើឡើងនៅ៖ អាហ្សង់ទីន អ៊ុយរូហ្គាយនិង ប៉ារ៉ាហ្គាយ។
ដើម្បីអបអរសាទរខួប 100 ឆ្នាំ នៃការប្រកួត World Cup។
មានការជំទាស់ពីមន្ត្រីបាល់ទាត់ជាច្រើន
ប្រធាន UEFA លោក Aleksander Čeferin បានចាត់ទុកគម្រោងនេះថា៖
«ជាគំនិតមិនល្អ» សម្រាប់ទាំងការប្រកួត World Cup និងវគ្គជម្រុះ។
ប្រធាន AFC លោក Sheikh Salman bin Ibrahim Al Khalifa ក៏បានព្រមានថា ការពង្រីកបន្ថែមអាចបង្កឱ្យមាន ភាពច្របូកច្របល់។
ប្រធាន CONCACAF លោក Victor Montagliani ក៏បាននិយាយថា គំនិតនេះ មិនសមហេតុផល ហើយអាចប៉ះពាល់ដល់ប្រព័ន្ធបាល់ទាត់ពិភពលោកទាំងមូល។
អាមេរិកអាចទទួលរៀបចំបាន
ទោះជាយ៉ាងណា លោក Andrew Giuliani នាយកប្រតិបត្តិក្រុមការងារ World Cup របស់សេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកអាចពិចារណាដាក់ពាក្យធ្វើម្ចាស់ផ្ទះ World Cup 2038 ហើយអាចទទួលរៀបចំបាន ទោះបីការប្រកួតពង្រីកដល់ 64 ក្រុម ក៏ដោយ។
បច្ចុប្បន្ន FIFA បញ្ជាក់ថា ខ្លួននឹងបន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ ហើយ ក្រុមប្រឹក្សា FIFA នឹងជាអ្នកសម្រេចចុងក្រោយ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយថា ការពង្រីកទៅ 64 ក្រុមនឹងកើតឡើងក្នុងពេលឆាប់ៗនេះទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច