ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ ត្រូវផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន ទទួលបានការគាំទ្រជឿទុកចិត្តពេញចិត្តពីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ បទបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ ត្រូវផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន ទទួលបានការគាំទ្រជឿទុកចិត្តពេញចិត្តពីប្រជាពលរដ្ឋ។ លោក បានដាក់បទ បញ្ជាបែបនេះ នៅក្នុងអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌ សង្កាត់ នៅថ្ងៃទី១៣ ខែកក្ដដា ២០២៦ នៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យការផ្តល់សេវា ជូនពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រម ទាំងអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ផងដែរ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ ក្រៅពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ យើងក៏មានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ផងដែរ។ ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិនិងបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយ ខណ្ឌនិងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្ត ពីប្រជាពលរដ្ឋ។សូមអនុវត្តការងារនេះឱ្យបានព្រមៗគ្នា។

លោក សួស ប្រាថ្នា បានមានប្រសាសន៍ដែរថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងពិនិត្យមើលអំពីវឌ្ឍនៈភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលយកបញ្ហាប្រឈម សេសសល់មួយចំនួន មកពិភាក្សា ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ មានរយៈពេលខ្លី សាមញ្ញា និងមានភាពងាយ ស្រួលជាងមុន កាត់បន្ថយការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។

លោក សួស ប្រាថ្នា បានបន្តថា៖ ដើម្បីឱ្យការបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុនថែមទៀតនោះ យើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារដែលត្រូវផ្តល់ជូនពីប្រជាពលរដ្ឋ មានភាពសាមញ្ញ ខ្លីនិងងាយស្រួលជាងមុន។ត្រូវប្រជុំលើការងារនេះឱ្យបាន៣ដងក្នុង១ខែ ជាមួយនិងចាត់មន្ត្រី ឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំ នៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ដោយឡែកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ផងដែរថា មានសេវា២ប្រភេទ ដែលចាំបាច់និងសំខាន់នោះគឺ សេវាសុរិយោដី និងសេវាសំណង់ ព្រោះវាពាក់ព័ន្ធធំជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគ មិន ថានៅក្រៅស្រុក ឬនៅក្នុងស្រុកទេ។ថ្ងៃនេះយើងត្រូវពិនិត្យរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រកគន្លឹះដោះស្រាយឱ្យកាន់តែ ល្អ ខ្លី ខ្លឹម សាមញ្ញជូនពលរដ្ឋ ៕

ដោយ៖សំរិត


ចែករំលែក៖