ខេត្តកណ្តាលៈ យុវជនម្នាក់ប្រកបរបរជាជាងកាត់សក់មិនសូវកាក់កប ក៏បែកគំនិតលួចជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ពិន រតនា ហៅឡឺម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅបច្ចុប្បន្ននៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងប្រត្តិបតិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ,ម៉ូតូ០១គ្រឿង ម៉ាកហុងដាអាយខុន ពណ៌សលាយទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ1AH-5914 និងទូរស័ព្ទដៃ០១គ្រឿងផងដែរ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន ចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រឃុំបែកចាន ខណៈនោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូម្នាក់ឯងគួឲ្យសង្ស័យ ទើបសមត្ថកិច្ចនគរបាលតាម ហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់នេះរូបគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្តុំមន្ទីរពេទ្យលោសង្ឃក្នុងរាជធានីភ្នំពេញ ដើម្បីយកមកជួញដូរទៅឲ្យអ្នកប្រើប្រាស់ក្នុងតមម្លៃ១០ម៉ឺនរៀល ខណៈកំពុងជិះម៉ូតូយកគ្រឿងញៀនទៅលក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕ ស្អាងជ័យ