ភ្នំពេញ៖ ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន៩កញ្ចប់តូច ត្រូវបានលោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍ស្ទឹងមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទដោយផ្ទាល់ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទាប់ជួលលេខ៩៦ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន៩កញ្ចប់តូច។
ជនសង្ស័យខាងលើមានឈ្មោះ សាលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ និងមានស្រុកកំណើតនៅភូមិវិហារសំបូរ ឃុំរកាប្រាំ ស្រុកត្បួងឃ្មុំ ខេត្តត្បួងឃ្មុំ ហើយសមត្ថកិច្ចបានដកហូតថ្នាំញៀនពីជនសង្ស័យចំនួន៩កញ្ចប់តូច ។
លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍ស្ទឹងមានជ័យបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនោះគឺ ជនសង្ស័យជាមុខសញ្ញាចាស់ ដែលជួញដូរ និងប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅទីតាំងខាងលើហើយកម្លាំងរបស់លោក ក៏បានតាមដានរហូតដល់មានវត្ថុតាង ទើបលោកនាយប៉ុស្ដិ៍បានដាក់កម្លាំងឲ្យចុះបង្ក្រាបជនសង្ស័យខាងលើបានតែម្ដង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចប៉ុសិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ក៏បាននាំខ្លួន និងវង្ថុតាង យកមកកសាងសាណុំរឿងដើម្បីបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ