ភ្នំពេញ៖ លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ នឹងត្រូវតុលាការកំពូលកាត់ទោសនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធសំណុំរឿងបង្ខាំងមនុស្សខុសច្បាប់ កាលពីឆ្នាំ២០០៣ ។
ឯកសារតុលាការកំពូល បង្ហាញថា លោក ហេង ពៅ កំពុងឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែម១ ឬ ពន្ធនាគារព្រៃស ជាប់ចោទពីបទ ” បង្ខាំងមនុស្សខុសច្បាប់ ” ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣ តាមមាត្រា០៧ នៃច្បាប់ស្ដីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ។
សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ ។
សវនាការតុលាការកំពូលនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក ហេង ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដូចគ្នាដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ។
មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្នលោកហេង ពៅ មានទោសជិត១០០ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ៕ ចេស្តា