ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីពេលដែលនគរបាលបានទទួលព័ត៌មានពី លោកតាអាចារ្យ និងអ្នកភ្លុកថា មានស្រ្តីម្នាក់បានយកសព កូនស្រីរបស់ខ្លួនទៅដាក់នៅឈាបនដ្ឋានវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលតាអាចារ្យសួររកលិខិតស្នាមអត់មាន ។
ស្រ្តីដែលបានយកសពកូនទៅបូជានោះឈ្មោះ ណុប ស្រីពៅ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិស្ទោង ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងស្នាក់នៅបន្ទប់លេខ២ ជាន់ផ្ទាល់ ដី ផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកូនស្រីដែលស្លាប់នោះឈ្មោះ ណុប ស្រីពេជ្រ អាយុ៣ខែ ហើយការស្លាប់នោះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែដឹងស្លាប់ក្រោយពេល ដែលស្រ្តីរូបនោះ និងស្រ្តីម្នាក់ទៀត ដែលជាប្រពន្ធម្នាក់ទៀតរបស់ប្ដីនាងដែរ មានទំនាស់វាយតប់គ្នារួចមក។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ មានស្ត្រីម្នាក់បានយកសពកូនក្មេងម្នាក់មកបូជា តែលោកតាអាចារ្យសួររកលិខិតស្នាមអត់មាន ទើបឃាត់មិនឲ្យបូជាហើយបាន ផ្ដល់ព័ត៌មានជូននគរបាលតែម្ដង ព្រោះខ្លាចមានបទល្មើសផ្សេងៗ។ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងកាកាបបានចុះទៅកាន់ វត្តតាំងកសាងខាងត្បូង និងបន្ទប់ដែលស្រ្តីរូបនោះស្នាក់នៅស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅភ្លាមៗ ដើម្បីស្រាវជ្រាវទើបដឹងរឿងផ្សេងទៀត។
ក្រោយពេលដែលកម្លាំងនគរបាលចុះសួរនាំ ស្រីរូបនោះបាននិយាយថា នាងបានយកបុរសម្នាក់ធ្វើជាប្ដី កាលពីជា១ឆ្នាំមុន ដោយមិនបានរៀបការតាមប្រពៃណីនោះឡើយ ហើយនាងក៏មិន បានដឹងថាប្ដីមាននាម ត្រកូលអ្វីនិងមានទីលំនៅក្នុងភូមិនិងឃុំណាដែរ គ្រាន់តែដឹងថាគាត់ឈ្មោះយ៉ា អាយុ៣៦ឆ្នាំ រស់នៅក្នុង ស្រុកកៀនស្វាយ ខេត្តកណ្ដាលប៉ុណ្ណោះ។
ក្រោយពេលសាងស្នេហ៍ រស់នៅជាមួយគ្នាបានរយៈពេលជាង ១ខែ នាងបានមានផ្ទៃពោះ១ខែនោះតែម្ដង ចំណែកឯលោកប្ដីវិញ បន្ទាប់ពីបានដឹងថានាងមានផ្ទៃពោះ ក៏បានចាកចេញទៅមានស្រីថ្មីម្នាក់ទៀតចោលនាងបាត់គ្មានអាល័យ។ខណៈនោះនាងបានពរពោះឆ្លងកាត់ ការលំបាកគ្រប់បែបយ៉ាង រហូតកូនក្នុងផ្ទៃសម្រាលមក ដែលរហូតពេលនេះមានអាយុ៣ខែទៅហើយ ស្រាប់ តែនៅមុនពេលកើតហេតុ២ថ្ងៃ ស្រាប់តែលេចមុខប្ដីត្រឡប់មកវិញ និងបានសុំនាងរួមរស់ជាមួយគ្នាវិញ ហើយនាងក៏បានយល់ព្រម។
ស្រ្តីនោះបានបន្តថា នាងនិងប្ដីបានរួមរស់ជាមួយគ្នាបានរយៈពេល២ថ្ងៃ រហូតដល់វេលាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្ដីបានប្រើឲ្យនាងទីរកទិញស្រាឲ្យផឹក នាងក៏បានទៅទិញឲ្យហើយក្រោយពេលប្ដីផឹកអស់ ក៏បានប្រើនាងទៅទិញម្ដងទៀត ខណៈនោះនាងក៏បានទៅទិញ។
លុះពេលត្រឡប់មកវិញ បានឃើញស្រ្តីម្នាក់ ដែលជាប្រពន្ធចុងប្ដីកំពុងស្ថិតនៅក្នុងបន្ទប់នោះដែរ ចំណែកកូននាងនៅមានជីវិតធម្មតាទេ ហើយខណៈ បានជួបមុខគ្នានាងនិងប្រពន្ធចុងប្ដី ក៏បានមានទំនាស់គ្នារហូតឈានដល់ ការវាយតប់គ្នានៅក្រៅបន្ទប់ជួល មួយប្រ៉ាវ ។
ប៉ុន្តែពេលនោះមានការស្ងប់ស្ងាត់ទៅវិញ ដោយបានអ្នកជិតខាងឃាត់ ហើយនាងក៏បានចូលទៅ ក្នុងបន្ទប់វិញ និងមើលកូននៅរស់ដដែលទេ ចំណែកប្រពន្ធចុងប្ដីស្ថិតនៅក្រៅបន្ទប់ បន្ទាប់មកនាងបានចូល ទៅក្នុងបន្ទប់ទឹកមួយសន្ទុះ លុះពេលចេញមកវិញ មើលកូនមិនឃើញកម្រើក នាងក៏បានសួរបុរសជាប្ដីថា ម៉េចបានកូនអត់កម្រើកត្រូវប្ដីប្រាប់ថា កូនដេកលក់ហើយពេលនោះនាងក៏បាន យកកូនទៅដេកឱបនិងបាន ដេកលក់រហូតដល់វេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ទើបមើលកូនម្ដងទៀត ហើយឃើញអត់កម្រើកដដែល ទើបហៅឲ្យអ្នកជិតខាងជួយមើល ទើបដឹងថាកូនស្លាប់បាត់ហើយ ចំណែកឯ បុរសជាប្ដីនិងប្រពន្ធចុងក៏គេចបាត់ទៀត មិនដឹងថា កូននាងត្រូវអ្នកទាំងពីរនោះសម្លាប់ឬបែបណាទេ ហើយក៏មិនដឹងថាគេចបាត់តាំងពីពេលណានោះឡើយ។
លុះព្រឹក ឡើងនាងបានយកសពកូនទៅបូជា ប៉ុន្តែត្រូវបានលោកតាអាចារ្យឃាត់ និងរាយការណ៏ជូននគរបាល ឲ្យទៅមើលទើបមានការភ្ញាក់ផ្អើលបែបនេះ។ ដោយឡែកបុរសជាប្តី និងប្រពន្ធចុងនោះ បានគេចខ្លួនបាត់ស្រមោលផងដែរ ដោយមិនទាន់ដឹងថា ការស្លាប់របស់ក្មេងស្រីខាងលើ មានជាប់ពាក់ព័ន្ធទៅនឹងពួកគេឬអត់នោះទេ ៕ សុខាសែនជ័យ