ព័ត៌មានទាន់ហេតុការណ៍៖

ប៉ែន សុផានីត្រៀមបើកក្លិបចែករំលែកបទពិសោធន៍សម្តែងភាពយន្ត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងភាពយនុ្តជើងចាស់ អ្នកនាង ប៉ែន សុផានី បានប្រកាសគម្រោងបង្កើតក្លិបហ្វឹកហាត់ការសម្តែងភាពយន្ត ដើម្បីចែករំលែកបទពិសោធន៍ទៅដល់សិល្បករ ដែលមិនទាន់អាចសម្តែងដល់កម្រិត ដែលផលិតករចង់បាន ។ នាងថា គម្រោងនេះ នឹងអាចចូលរួមលើកកម្ពស់វិស័យភាពយន្ត ពិសេសពង្រឹងទីផ្សារថតភាបយន្តរបស់តារាសម្តែងនៅថ្ងៃអនាគតផងដែរ ។

តារាសម្តែង ដែលមានបទពិសោធន៍ជាង២០ឆ្នាំ អ្នកនាង ប៉ែន សុផានី លើកឡើងថា ឆាប់ៗនេះ នាងនឹងបង្កើតក្លិបហ្វឹកហាត់ការសម្តែងមួយដោយមានគ្រូជំនាញជាសិល្បករជើងចាស់ ដែលមានបទពិសោធន៍ក្នុងការសម្តែងភាពយន្តមកបង្ហាត់បង្រៀន។ នាងថា វិស័យភាពយន្តខ្មែរកំពុងតែចាប់ផ្តើមកម្រើកឡើងវិញ ក្រោយពីកម្មវិធីក្នុងស្រុក និងភាពយន្តភាគខ្មែរត្រូវបានក្រសួងតម្រូវឲ្យចាក់ផ្សាយនៅម៉ោងពិសេស។

អ្នកនាងបន្តថា សិល្បករដែលអាចចូលរៀនក្នុងជំនាញសម្តែងនេះបាន គឺត្រូវតែជាអ្នកដែលមានឆន្ទៈក្នុងការវិវឌ្ឍន៍ខ្លួនក្លាយជាតារាសម្តែងអាជីព ។ តារាស្រីរូបនេះបញ្ជាក់ថា គម្រោងបើកក្លិបបង្រៀននេះ ព្រោះតែនាង និងសិល្បករជើងចាស់មួយចំនួន ចង់ចែករំលែកបទពិសោធន៍ និងចង់ឲ្យវិស័យសិល្បៈផ្នែកសម្តែង កាន់តែត្រូវបានទទួលស្គាល់ដោយមហាជន ។ នាងថា សិល្បករ ដែលចូលហ្វឹកហាត់នឹងត្រូវផ្តោតសំខាន់ទៅលើការសម្តែងលើជំនាញរបស់ពួកគាត់នីមួយៗ គឺការហ្វឹកហាត់សម្តែងជាតួឯក តួរង តួម្តាយ តួអ្នកបម្រើ គឺទៅតាមសមត្ថភាពទេពកោសល្យ និងរូបសម្រស់រៀងៗខ្លួន។

តារាស្រីវ័យ៤៤ឆ្នាំរូបនេះក៏ប្រកាសដែរថានឹងធ្វើការទំនាក់ទំនងទៅកាន់ផលិតកម្មនានាផ្ទាល់ដើម្បីស្វែងរកទីផ្សារឲ្យគ្រប់ប្រភេទតួសម្តែងទាំងអស់ដើម្បីប្រាកដថាក្រោយរៀនចប់ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្តែងទៅតាមជំនាញរៀងៗខ្លួន។

តារាស្រីល្បីឈ្មោះរូបនេះបញ្ជាក់ដែរថា ក្រៅពីទំនាក់ទំនងក្នុងការផ្គត់ផ្គង់សម្រាប់ផលិតកម្មក្នុងស្រុក នាងក៏មានបំណងបំពេញតម្រូវការតារាសម្តែងសម្រាប់ផលិតករមកពីក្រៅស្រុកផងដែរ។

នាងមិនទាន់បញ្ជាក់អំពីពេលវេលាជាក់លាក់ក្នុងការបើកដំណើរការក្លិបនេះនៅឡើយ ប៉ុន្តែនាងថា នឹងបង្កើតឡើងក្នុងពេលដ៏ខ្លីខាងមុខដោយទីតាំងគឺនៅផ្ទះនាងផ្ទាល់នៅតំបន់ស្តាតចាស់ ហើយតារាស្តែងស្រីដែលនឹងជាដៃគូជួយបង្ហាត់សំខាន់គឺអ្នកនាង ស្វែង សុជាតាដែលទស្សនិកជនបានស្គាល់ថា ជាតារាសម្តែងដែលមានសមត្ថភាពផងដែរ ហើយក្រៅពីនោះនាង ក៏មានគម្រោងអញ្ជើញតារាសម្តែងល្បីជាច្រើនទៀតចូលរួមបង្ហាត់បង្រៀនសិល្បករជំនាន់ក្រោយផងដែរ ៕ វឌ្ឍនា

IMG_4492 IMG_4402 IMG_4458 IMG_4486


ចែករំលែក៖