ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចជំនាញមិនបង្រ្កាបជំនួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

សមត្ថកិច្ចជំនាញខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនបានចាប់ក្រុមឈ្មួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យឡើយ ខណៈមុខឈ្មួញដដែលៗ ហើយសមត្ថកិច្ចយកលុយពីឈ្មួញមុខដដែលៗ។ ប្រភពដដែលបានបញ្ជាក់ថា សព្វថ្ងៃនេះជំនួញឈើគ្រញូងនៅតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងដដែល តែការបង្រ្កាបរបស់សមត្ថកិច្ចជំនាញអសកម្មដែលធ្វើឲ្យឈ្មួញអាចប្រព្រឹត្តបទល្មើសបានស្រួល។

ឈ្មួញឈើឈ្មោះ រ៉ា ឈ្មោះ ជឿន ឈ្មោះ ស៊ូ និងឈ្មោះ រស់ ជក់ រស់នៅក្រុងសំរោង ព្រមទាំងមានឈ្មួញមួយចំនួនទៀត ពួកគេតែងតែបានឲ្យលុយទៅមេខ្លោងដើម្បីកេណ្ឌប្រមូលពលរដ្ឋឡើងភ្នំដងរែកចូលកាប់ឈើគ្រញូងក្នុងទឹកដីសៀម។ សកម្មជនព្រៃឈើនៅខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដោយសារតែអំពើពុករលួយ និងភាពក្រីក្រ ទើបពិបាកដោះស្រាយបញ្ហាខាងលើ។

ក្រុមឈ្មួញឈើខាងលើត្រូវគេដឹងថា ចាំប្រមូលទិញ និងដឹកជញ្ជូនឈើពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម។ ប្រភពដដែលបានបញ្ជាក់ថា ឈើដែលឈ្មួញទិញមិនមែនមានតែឈើគ្រញូងនោះទេ គឺថែមទាំងមានប្រភេទឈើប្រណីតផ្សេងៗទៀតផងដែរ។

សកម្មជនព្រៃឈើនៅខេត្តឧត្តមានជ័យ បានបញ្ជាក់ថា ពួកឈ្មួញគឺជាអ្នកផ្តើមគំនិតឲ្យពលរដ្ឋចូលកាប់ឈើគ្រញូង និងប្រឈមគ្រោះថ្នាក់ រងនូវការបាញ់សម្លាប់ពីទាហានឈុតខ្មៅសៀមជាច្រើនលើកច្រើនសាហើយ។ ដូច្នេះបើសមត្ថកិច្ចចាប់ក្រុមមេខ្លោងទាំងនេះ គឺបទល្មើសឈើគ្រញូងនឹងស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋនឹងមិនរងគ្រោះជាបន្តបន្ទាប់ ដែលមានករណីខ្លះត្រូវទាហានបាញ់ស្លាប់ដូចសត្វធាតុ៕

IMG_2207


ចែករំលែក៖