ខេត្តព្រៃវែង ៖ ព្រះសង្ឃ២អង្គបានកាប់ ចាក់គ្នាផ្អើលពេញវត្តបណ្តាលឲ្យសង្ឃ១ អង្គរងរបួសធ្ងន់ និង១អង្គទៀតត្រូវបានចាប់ ផ្សឹកមុនពេលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ។ ករណីហិង្សារវាងសង្ឃនឹងសង្ឃនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅវត្តកំព្រៅ ស្ថិតក្នុង ភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
បើតាមន្រ្តីនគរបាលខេត្តព្រៃវែងបាន ឲ្យដឹងថា ព្រះសង្ឃដែលជាជនដៃដល់បង្ករបួសស្នាមលើសង្ឃ១អង្គទៀតនោះឈ្មោះ លី មករា អាយុ២៧ឆ្នាំ បានយកកាំបិតបុ័ងតោកាប់ទៅលើកេសាព្រះអង្គនាម ជឹម ឡេក មានជន្មាយុ២២វស្សាគង់នៅវត្តជាមួយគ្នា បណ្ដាលឲ្យរបួសព្រះកេស១កន្លែង និងខាង ក្រោយគុម្ពត្រចៀកឆ្វេង១កន្លែងររបួសធ្ងន់។
មន្រ្តីដដែលបានបន្តថា ក្រោយពេល កើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានសហការជាមួយ អាជ្ញាធរនិងមន្រ្តីមន្ទីរធម្មការ និងសាសនាចាប់ឃាត់ខ្លួនសង្ឃដែលបង្ករបួសទៅលើសង្ឃ១អង្គដើម្បីផ្សឹកឃាត់ខ្លួនបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់។ ចំណែក សង្ឃដែលរងរបួសត្រូវបានព្រះសង្ឃ និងចៅអធិការវត្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
មន្រ្តីដដែលបានបន្តថា ករណីហិង្សា រវាងសង្ឃនឹងសង្ឃនេះគឺនៅមុនពេលកើតហេតុព្រះសង្ឃរងគ្រោះបានប្រើព្រះសង្ឃដែលជាជនដៃដល់ទើបបួសឲ្យទៅបិណ្ឌ បាតទើបធ្វើឲ្យសង្ឃអង្គនេះខឹងសម្បាក៏ផ្ទុះជម្លោះឡើងតែម្តង។ ប៉ុន្តែទោះមានការ ដំឡើងសរសៃកដាក់គ្នាក៏ដោយសង្ឃទើបនឹងបួសនេះបានចេញទៅបិណ្ឌបាតធម្មតា តែមុនពេលចេញបាននិយាយថា «ចាំមើល អាត្មាមកវិញរឿងគ្នាហើយ»។ លុះពេល ជនដៃដល់ត្រឡប់មកពីបិណ្ឌបាតវិញមិនទាន់ទាំងបានឆាន់ផង ស្រាប់តែឈ្លោះ ប្រកែកគ្នាជាថ្មី ហើយសង្ឃដៃដល់ក៏ស្ទុះទៅទាញកាំបិតបុ័ងតោកាប់ទៅលើសង្ឃ រងគ្រោះបណ្តាលឲ្យរបួសតែម្ដង ៕ សហការី