ភ្នំពេញ ៖ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ថៃនៅក្នុងឆ្នាំ២០១៦មានទំហំទឹក ប្រាក់៥,៦ពាន់លានដុល្លារអាមេរិក ហើយ រាជរដ្ឋាភិបាលប្រទេសទាំង២បានឯកភាព គ្នាជំរុញឲ្យទំហំពាណិជ្ជកម្មនេះបន្តកើន ឡើង៣ដងនៅឆ្នាំ២០២០ ឬ៣ឆ្នាំខាងមុខ ទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ លោក ណាត់ថាវុឍ្ឍ ពោធិសារ៉ូ ឯកអគ្គ រាជទូតថៃប្រចាំកម្ពុជាដែលលោកមាន ប្រសាសន៍ក្នុងឱកាសបើកសម្ពោធពិព័រណ៍ ពាណិជ្ជកម្មថៃ ថប់ថៃប្រេនឆ្នាំ២០១៧ នៅ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រកាលពីថ្ងៃ ទី១ ខែមីនា ឆ្នាំ២០១៧។
លោកបានបន្តថា ពិព័រណ៍ពាណិជ្ជកម្ម ដែលប្រារព្ធធ្វើឡើងរយៈពេល៥ថ្ងៃនៅ មជ្ឈមណ្ឌលកោះពេជ្រមានស្តង់ចំនួន ៣០០ដោយមានការចូលរួមពីក្រុមហ៊ុន ផលិតទំនិញម៉ាកល្បីៗរបស់ថៃប្រមាណ ២០០ក្រុមហ៊ុន ព្រមទាំងមានតំណាងចែក ចាយនៅកម្ពុជាទៀតផង។ ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតថៃ តំណាងពាណិជ្ជ ករប្រទេសទាំង២មានឱកាសជួបពិភាក្សា គ្នា ធ្វើពាណិជ្ជកម្មរួមគ្នា ការចាប់ដៃគូ ពាណិជ្ជកម្ម ហើយប្រជាជនកម្ពុជាក៏មាន ឱកាសទិញទំនិញ ម្ហូបអាហារ ភេសជ្ជៈ ទំនិញសុខភាព សម្ផស្ស ផលិតផលប្រើ ប្រាស់ក្នុងផ្ទះ និងគ្រឿងសំណង់ជាដើម។
លោកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា មានប្រសាសន៍ទៀតថា ទំនិញថៃមានការ គាំទ្រ និងពេញនិយមពីប្រជាជនកម្ពុជា ហើយទំហំពាណិជ្ជកម្មប្រទេសទាំង២ក៏ កាន់តែកើនឡើងជាលំដាប់។ នេះជាកត្តា លើកទឹកចិត្តដល់អ្នកវិនិយោគទុនថៃចូល មកបង្កើតរោងចក្រដើម្បីផលិតទំនិញនៅ ប្រទេសកម្ពុជា តួយ៉ាងបច្ចុប្បន្ននេះមាន ក្រុមហ៊ុន សុីភី ក្រុមហ៊ុនអេសសុីជី ក្រុម ហ៊ុនប៉េកាត្រូ ដែលបានបង្កើតរោងចក្រនៅ កម្ពុជាដើម្បីជំនួសនូវការនាំចូលទំនិញ។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនទាំងនេះបាន ផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ និងបង្កើនដល់ការរីកចម្រើនសេដ្ឋកិច្ច កម្ពុជាផងដែរ ។
លោកបានសង្កត់ធ្ងន់ថា “ការងារជំរុញ ពាណិជ្ជកម្ម និងការវិនិយោគទុនរវាង ប្រទេសថៃ-កម្ពុជាក្នុងនាមស្ថាប័នរដ្ឋ ស្ថាន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងស្ថាន តំណាងពាណិជ្ជកម្មថៃនៅរាជធានីភ្នំពេញ បានត្រៀមខ្លួនជាស្រេចដើម្បីជួយបំពេញ ដល់ភាគីឯកជននៃប្រទេស២ដើម្បីជំរុញ ឲ្យវិស័យពាណិជ្ជកម្ម និងវិនិយោគទុនមាន ការរីកចម្រើន។ ក្នុងនោះផ្តោតទៅលើ គោលការណ៍សំខាន់៣ប្រការ ទី១-ការ គោរពគ្នាទៅវិញទៅមក ទី២-ការជឿទុក ចិត្តគ្នា ទី៣-ការទទួលបានផលប្រយោជន៍ រួមគ្នារបស់ប្រជាជនប្រទេសទាំង២” ។
នាឱកាសនោះដែរលោកបណ្ឌិត សំ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្មដែលចូលរួមជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថប់ថៃប្រេន២០១៧ និងជាតំណាងលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មថប់ថៃប្រេនឆ្នាំ២០១៧ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនាពេលនេះក្នុងគោលបំណង ផ្សព្វផ្សាយផលិតផលថៃដែលជាផលិត ផលមានគុណភាពល្អ តម្លៃថោកសមរម្យ ជាងតម្លៃទីផ្សារ និងជាការផ្តល់ឱកាសដល់អតិថិជនដែលតែងតែនិយមគាំទ្រទិញទំនិញ ថៃពីម្ចាស់រោងចក្រដោយផ្ទាល់។ នេះបាន បង្ហាញឲ្យឃើញពីសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានឹងថៃដែល ជាប្រទេសជិតខាងគ្នា។
លោកបានបន្តថា ក្រៅពីទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ ការរៀបចំពិព័រណ៍ ពាណិជ្ជកម្មថៃបានបង្កប់នូវអត្ថន័យនៃវប្ប ធម៌ប្រពៃណីក្នុងការផ្សារភ្ជាប់ប្រទេសទាំង ២ឲ្យកាន់តែស្អិតល្មួតថែមទៀត។ ដូច្នេះ ហើយក្រសួងពាណិជ្ជកម្មមានជំនឿថា ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំង២នឹងត្រូវបានថែរក្សាល្អប្រសើរថែមទៀតនា បណ្តាឆ្នាំខាងមុខដែលមានការចូលរួម យ៉ាងពេញលេញពីវិស័យឯកជននិងរាជ រដ្ឋាភិបាលប្រទេសទាំង២ ។
សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្ម ថបថៃប្រេនឆ្នាំ២០១៧ដែលប្រារព្ធធ្វើនៅ មជ្ឈមណ្ឌលកោះពេជ្រក្នុងរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៧។ ក្នុងពិព័រណ៍នោះមាន តាំងលក់ផលិតផលជាច្រើនដូចជា អាហារ និងភេសជ្ជៈ សម្លៀកបំពាក់ និងវាយនភណ្ឌ សម្ភារសំណង់ គ្រឿងសម្អាង និងទំនិញ សុខភាព សម្ភារផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ សម្ភារធ្វើពីស្បែក និងស្បែក ជើង សម្ភារអគ្គិសនី គ្រឿងបន្លាស់រថយន្ត និងម៉ូតូ ព្រមទាំងទំនិញផ្សេងៗជាច្រើន មុខទៀត ៕ ហេង សូរិយា