ភ្នំពេញ៖ ស្រ្តីជើងឆើតម្នាក់ បានរួមគំនិតជាមួយសង្សារ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ពីស្រ្តីម្នាក់ទៀត ដែលជាមិត្តភក្ដិរបស់ខ្លួនទៅបាត់ កាលពីជិត២០ថ្ងៃមុន ហើយត្រូវបានស្រ្តីជាម្ចាស់ម៉ូតូ តាមរកឃើញ ក៏បានឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលកាកាបសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២ រសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។
ស្រ្តីជាជនសង្ស័យខាងលើនោះ ឈ្មោះ សៀន ស្រីលីន អាយុ២៩ឆ្នាំ មុខរបរជានារីម៉ាស្សា ស្នាក់នៅក្នុងភូមិ គោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដា ស្កូបពី អត់ចាំស្លាកលេខ ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ទៀត ជាមិត្តភក្ដិរបស់ខ្លួនឈ្មោះ អ៊ឹង គឹម អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារអូឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជិត២០ ថ្ងៃមកម្ល៉េះ ដោយនៅមុនពេលកើតហេតុ ស្រ្តីដែលជាម្ចាស់ម៉ូតូតែងតែបានទៅណាមកណាជាមួយគ្នារហូត ដោយមានជនសង្ស័យទៅជាមួយដែរ លុះក្រោយមក ពេលជិះម៉ូតូទៅដល់ មុខផ្ទះសំណាក់ពន្លឺពេជ្រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ លេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារឈឺបត់ជើង ស្រ្តីដែលជាម្ចាស់ម៉ូតូបានឈប់ ហើយបានចូលទៅបត់ជើង ដោយបានទុកម៉ូតូនៅខាងមុខផ្ទះសំណាក់នោះ និងបានឲ្យស្រ្តីដែលជាជនសង្ស័យជួយមើល។ លុះពេលបត់ជើងរួច ចេញមកវិញ ស្រាប់បាត់ទាំងម៉ូតូ និងជនសង្ស័យ ព្រមទាំងប្រុសស្នេហ៍របស់គេផង ទើបមានការភ្ញាក់ផ្អើលនិងបានតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញនោះឡើយ រហូតពេលនេះ ទើបបានជួបនៅម្ដុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់៕ សុខាសែនជ័យ