ភ្នំពេញ៖ បុរសជាប្តីម្នាក់ ក្រោយពីធ្វើសកម្មភាពដុតប្រពន្ធ និងកូនស្រីអាយុ៧ឆ្នាំបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ កំពុងតែសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២១៧ ខាងក្រោយខារ៉ាអូខេឌីយ៉ាម៉ង់ ភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈនៅព្រឹកថ្ងៃដដែល កាលពីវេលាម៉ោង៧និង៣០នាទី បុរសដែលជាប្តីកំណាចនោះបានសម្រេចចិត្តទៅលោតទឹកពីលើស្ពានព្រះមុនីវង្សថ្មី ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បាអំពៅ តែត្រូវបានកំលាំងសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា ហើយក៏បាននាំមកសាកសួរនៅប៉ុស្តិ៍នគរបាលខណ្ឌច្បារអំពៅ១ ទើបបែកធ្លាយរឿងបុរសខាងលើ ជាជនដៃដល់ដុតប្រពន្ធ និងកូនស្រីនៅខណ្ឌដង្កោ ទើបសមត្ថកិច្ចខណ្ឌច្បារអំពៅទំនាក់ទំនងជាមួយសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីប្រគល់ជនសង្សយ័អោយម្ចាស់ករណីចាត់ការតាមច្បាប់វិញ ។
ស្ដ្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកជនដៃដល់ខាងលើមានឈ្មោះ អ៊ុច ធួនវរះ អាយុ៣៣ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ មុខរបរលក់ដូរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានចាក់សាំងប៉ុនប៉ងដុតសម្លាប់ប្រពន្ធ និងកូនពិតប្រាកដមែន មូលហេតុដោយសារតែប្រពន្ធសុំបែក ។
បច្ចុប្បន្នជនដៃដល់ខាងលើ ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ