ភ្នំពេញ: អ្នកបើកបររថយន្តកាមរីឆ្លាមម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំ បានបើករថយន្ត បណ្តើរ លើកទូរសព្ទបណ្តើរ និងដោយខ្វះការប្រុងប្រយត័្ន ក៏រេចង្កូតធ្លាក់រណ្តៅដីការរដ្ឋានជីកដាក់លូ របស់សាលារាជធានីភ្នំពេញ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សនោះទេ គ្រាន់តែព្រលឹងនៅចុងសក់បណ្ណោះ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៨៩ មុខវិទ្យាស្ថានជាតិសុខភាពសាធារណ: ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សាក្សី បានឲ្យដឹងថា មុនពេលកើតហេតគេឃើញបុរសមិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់ស្រវឹងជោកជាំ បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AH-7092 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៨៩។ ពេលនោះអ្នកបើកបរររូបនេះបើកបររថយន្តបណ្តើរនិងលើកទូរស័ព្ទនិយាយទៅកាន់មិត្តភក្តិបណ្តើរ ធ្វើឲ្យមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅខាងស្តាំដៃ បណ្តាលឲ្យធ្លាក់រថយន្ត ចូលក្នុងរណ្តៅដែលគេជីកកាយសម្រាប់ដាក់លូតែម្តង។ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននាំគ្នាជួយលើកបុរសអ្នកបើកបររថយន្តចេញមកក្រៅទាំងធុំក្លិនស្រាហួង និងបានយកទូរស័ព្ទទាក់ទៅក្រុមគ្រួសារមកទទួលទៅផ្ទះ។
ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានសមត្ថកិច្ចខណ្ឌមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយពេលក្រោយ៕ ប្រាថ្នា