ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់ប្រើកាំបិតវាយប្រហារស្ថានីយរថភ្លើងនៅអាល្លឺម៉ង់របួស៥នាក់

ចែករំលែក៖

ប៉ូលិសបានទៅដល់កន្លែងកើតហេតុ នៅក្នុងស្ថានីយរថភ្លើង Duesseldorf ក្រោយពេលមានការវាយប្រហារដោយកាំបិតកាលពីយប់ថ្ងៃ ទី៩ ខែមីនា បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ ។

សារព័ត៌មាន AFP បានដកស្រង់សម្តីប៉ូលិសនៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា ជនដៃដល់បាយវាយប្រហារពេលពួកគេឆ្លងកាត់ទីនោះ ។ ជាភព្វសំណាងមិនមានអ្នកស្លាប់នៅក្នុងហេតុការណ៍ខាងលើ។ ប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ពីរនាក់ ចំណែកបក្ខពួកបានរត់គេចខ្លួនបាត់ ។

មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានការវាយប្រហារខាងលើកើតឡើងនៅឡើយ ។ ប៉ូលិសមិនទាន់ប្រាកដថា មានជនដៃដល់ប៉ុន្មាននាក់ចូលរួមនៅក្នុងសកម្មភាពវាយប្រហារខាងលើនោះឡើយ។ ហេតុការណ៍វាយប្រហារខាងលើធ្វើឲ្យស្ថានីយរថភ្លើងត្រូវបិតទ្វារជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ ។

កន្លងមកជនដៃដល់ម្នាក់អាយុ១៧ឆ្នាំ ជនជាតិ អាហ្វហ្គានីស្ថាន ប្រើកាំបិទវាយប្រហារ បណ្តាលឲ្យរបួស៤នាក់ នៅលើរថភ្លើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មុនពេលប៉ូលិសបាញ់សម្លាប់ ។

រដ្ឋាភិបាលអាល្លឺម៉ង់បានបង្កើនសកម្មភាពការពារ នៅតំបន់ប្រជុំជន ក្នុងនោះមានស្ថានីយរថភ្លើង ដើម្បីទប់ស្កាត់ ហេតុការណ៍អាក្រក់ដែលអាចកើតឡើង ។ កាលពីខែធ្នូ ឆ្នាំ២០១៦ ក្រុមភេរវកម្ម IS បានបើកការវាយប្រហារ ដោយបើករថយន្តដឹកទំនិញ បុកចូលផ្សារ លក់សម្ភារៈណូអែលក្នុងទីក្រុងប៊ែកឡាំង បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ ។

ប៉ូលិសអាល្លឺម៉ង់បានបញ្ជាក់ថា នៅពេលនេះដែរមានក្រុមជ្រុលនិយមកាន់សាសនាអិស្លាមប្រមាណជាង១មឺននាក់ កំពុងតែធ្វើសកម្មភាព នៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងនោះមាន១៦០០នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម។

ពាក់ព័ន្ធនឹងសកម្មភាពប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម អធិការបតីអាល្លឺម៉់ លោកស្រី អង់ហ្គេឡា មែរគែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានអំពាវនាវកុំឲ្យប្រទេសមហាអំណាចទាំងអស់ ប្រកាន់គោលជំហរអត្មានិយមបែបបិទទ្វារនៅតែម្នាក់ឯង ។ សម្តីនេះ គឺលោកស្រីមែរគែល បាននិយាយនៅចំពោះមុខ លោកអនុប្រធានាធិបតីអាមេរិក Mike Pence តំណាងឲ្យរដ្ឋាភិបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ។ លោកស្រី មែរគែល ក៏បានថ្លែងផងដែរថា វិបត្តិភេរវកម្ម គឺជាបញ្ហារួម ដែលគ្រប់គ្នាត្រូវរួមគ្នាដោះស្រាយ ។ “ការប្រយុទ្ធប្រឆាំង នឹងបណ្តាញភេរវកម្មអ៊ីស្លាមជ្រុលនិយម ជាការងាររួមរបស់យើងគ្រប់គ្នា ព្រោះវាជាប្រយោជន៍រួម”។ នេះគឺជាសម្តីរបស់លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់នៅក្នុងសន្និសីទកាសែត ចំពោះមុខមន្ត្រីការទូត និងយោធាធំរបស់ប្រទេសមហាអំណាច។

លោកស្រីមែរគែល បានបន្តថា “រុស្ស៊ី និងអឺរ៉ុប មិនមែនជាមិត្តស្និទ្ធស្នាលនឹងគ្នាទេ តែអឺរ៉ុបនឹងធ្វើគ្រប់យ៉ាងដើម្បីសហការជាមួយរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញភេរវកម្មអ៊ីស្លាម តែមិនមែនមានន័យថា សហភាពអឺរ៉ុបត្រូវចុះញ៉មរុស្ស៊ី ក្នុងសំណុំរឿងផ្សេងទៀតនោះទេ”។

ថ្លែងនៅចំពោះមុខលោក អនុប្រធានាធិបតីអាមេរិក លោកស្រី មែរគែល មិនខ្លាចនឹងនិយាយបែបបញ្ចើចបញ្ចើរ ទៅលើលោកដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់អាមេរិកទេ ។ លោកស្រីមែរគែល និយាយថា “ចង់ប្រយុទ្ធនឹងអំពើភេរវកម្ម ដោយបិទទ្វារព្រំដែនចំពោះប្រជាជនមកពីប្រទេសកាន់សាសនាអ៊ីស្លាម គឺជារឿងមួយដែលយល់ច្រឡំ ព្រោះសាសនាអ៊ីស្លាម មិនមែនជាអ្នកទទួលខុសត្រូវ ចំពោះអំពើភេរវកម្មទេ”។ លោកស្រី បានសង្កត់ធ្ងន់ថា “ចង់បោសសម្អាតបណ្តាញភេរវកម្មអ៊ីស្លាមជ្រុលនិយម គឺយើងត្រូវការជាចាំបាច់ សហការជាមួយប្រទេសអ៊ីស្លាមធំៗ”៕ ម៉ែវ សាធី

ae ae (1)


ចែករំលែក៖