ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដេកផ្កាប់មុខក្នុងថ្លុកឈាម និងបុរស២នាក់ទៀតរងរបួសស្រាល ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧ នៅផ្លូវបំបែកជា៤រវាង ផ្លូវលេខ១៨២ កែងនឹងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសមិនស្គាល់ឈ្មោះម្នាក់បើករថយន្ដម៉ាក TOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6507 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ។លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជាបួនក៏ជ្រុល ទៅបុកម៉ូតូម៉ាក HONDA SCOOPY ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-2719 ជិះដោយបុរស៣នាក់ កំពុងធ្វើដំណើរទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលឲ្យកៀប បុរសម្នាក់នឹងម៉ូតូអូសជាង ៣០០ម៉ែត្រ រងរបួសដាច់ស្បែកមុខដល់ឆ្អឹង ចំណែកឯបុរស២នាក់ទៀតរបួសស្រាល។ ភ្លាមៗនោះម្ចាស់រថយន្តបង្កបានព្យាយាមរត់គេច តែត្រូវក្រុមខាងជនរងគ្រោះ ដេញតាមរហូតទៅដល់ផ្ទះជនបង្កទើបឃាត់ខ្លួនបាន យកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
បច្ចប្បុន្នជនបង្ករួមទាំងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ដោះស្រាយទៅតាមនីតិវិធី៕ ប្រាថ្នា