ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដសហការជាមួយនគរបាលស្រុកអង្គស្នួលនិងអជ្ញាធរ ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមរយៈពេល២ថ្ងៃដកហូតឈើប្រណិតប្រភេទបេង ធ្នង់ជាច្រើនកំណាត់ ។
ប្រតិបត្ដិការបង្រ្កាបធ្វើឡើងនៅគោលដៅពីរផ្សេងគ្នា ស្ថិតក្នុងភូមិត្រពាំងត្នោតនិងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល នាថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០១៧ ក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ។
អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា នៅភូមិត្រពាំងត្នោតនិងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល មានទីតាំងកែច្នៃ និងស្តុកឈើខុសច្បាប់រួចមក លោកបានសុំបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដនិងសុំការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញា ដើម្បីធ្វើការចុះបង្រ្កាប ។
ក្នុងប្រតិបត្ដិការបង្រ្កាបនេះសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ កម្លាំងរដ្ឋបាលព្រៃឈើនិងអជ្ញាធរភូមិ/ឃុំ ។ ជាលទ្ធផលរយៈពេល២ថ្ងៃសមត្ថកិច្ចបានធ្វើការបង្រ្កាបរឹបអូសឈើប្រណិតប្រភេទឈើធ្នង់ ប្រភេទឈើបេងនិងឈើសន្លឹករួមមាន៖ ឈើប្រណិត១០៨កំណាត់ ឈើសន្លឹក៤៥៧សន្លឹក ។
លោក មាន សំណាង បានបញ្ជាក់ថា ក្រោយពីធ្វើការរឹបអូសវត្ថុតាងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផុន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ម្ចាស់សិប្បកម្មកែច្នៃឈើខុសច្បាប់ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ។ ជនសង្ស័យ ផុន សុជាតិ បានសារភាពប្រាប់សមត្ថកិច្ចថា ឈើទាំងអស់ខ្លួនបានប្រមូលទិញពីគោយន្ដនិងរទេះគោដែលដឹកពីស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ យកមកលក់ដល់ទីតាំងសិប្បកម្មរបស់ខ្លួន ។
លោកអធិការបានបញ្ជាក់ទៀតថា ឈើដែលបង្រ្កាបបានសមត្ថកិច្ចនគរបាលបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើអង្គស្នួលដើម្បីយកទៅចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ