ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តកៀរដួលរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបើកកៀរបណ្តាលឲ្យដួលរងរបួសធ្ងន់ រីឯម៉ូតូខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ៤ មុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-6470 ធ្វើដំណើរតែម្នាក់ឯង តាមចិញ្ចើមផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសចរាចរណ៍។ ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឆ្លងផ្លូវមកស្តាំដៃ ឡើងលើផ្លូវជាតិ៤ តែពេលមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0723 បើកមកពីកើតទៅលិច កៀរម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលបែកមុខបែកមាត់រងរបួសធ្ងន់ ចំណែកម៉ូតូត្រូវរថយន្តកិនបណ្តាលខូចខាតដំណំ ។

ក្រោយកើតហេតុរថយន្តបង្កបានបើករត់ជាង១០០ម៉ែត្រពីកន្លែងកើតហេតុ តែ ត្រូវបានប្រជាពលរដ្ឋឃើញទាន់ជួយឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅបណ្តោះអាសន្ន ។ ចំណែកជនរងគ្រោះត្រូវបានគេជួយដឹកតាមរ៉ឺម៉កម៉ូតូទៅព្យាបាលនៅក្លីនិកឯកជនក្បែរនោះឯម៉ូតូ និងរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យ រង់ចាំការដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖