ខេត្តប៉ៃលិន៖ ស្រ្តីវ័យក្មេងម្នាក់បាន រងរបួសធ្ងន់សន្លប់នៅក្នុងផ្ទះ ក្រោយ ត្រូវបានមេភូមិមករថយន្តដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈពេលដែលស្ត្រីម្នាក់និងកំពង់អង្គុយហូបបាយជួបជុំគ្នាជាមួយប្តីនិងកូនសុខៗ ស្រាប់តែមានភ្លៀងធ្លាក់ស្រិចៗ ត្រូវរន្ទះបាញ់ បណ្តាលឱ្យដួលសន្លប់នៅក្នុងផ្ទះភ្លាមៗ រីឯ ប្តី និងកូនៗ ដែលកំពុងអង្គុយហូបបាយ នៅក្បែរគ្នានោះ សំណាងល្អហើយ អត់មានទទួលរងរបួសអ្វីបន្តិចសោះ ។
ហេតុការណ៍ដែលរន្ទះបាញ់ស្រ្តីវ័យក្មេងម្នាក់រងរគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីរងគ្រោះ មាន ឈ្មោះ ម៉ាន់ ទឿម អាយុ៣០ឆ្នាំ មានប្តី ឈ្មោះ ណាំ ណាត អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានដាំបាយធ្វើម្ហូប រួចក៏ហៅប្តី និងកូនប្រុសម្នាក់មកអង្គុយហូបបាយជួបជុំក្រុមគ្រួសារ ខណៈកំពុងតែហូបបាយសុខៗ ស្រាប់តែមេឃចាប់ផ្តើមបង្អុរភ្លើងស្រិចៗ ។ តែពួកគេមិនទាន់ហូបបាយរួចរាល់នៅឡើយទេ លុះមួយសន្ទុះក្រោយមក ស្រាប់តែមេឃបញ្ចេញផ្គរលាន់យ៉ាងកក្រើក ហើយក៏មានផ្លេកប ន្ទោរជះឆ្វេចឆ្វាច ស្របគ្នានោះដែរ ស្រាប់តែមានរន្ទះបាញ់ចូលមកក្នុងផ្ទះស្រ្តីរងគ្រោះ ប ណ្តាលឱ្យឆក់ដួលសន្លប់នៅក្នុងផ្ទះ ។ ពេលនោះប្តីរបស់នាងភ័យខ្លាំង ដោយចាប់រឹតប្រពន្ធ អស់រយៈពេលយ៉ាងយូរនៅតែមិនដឹងខ្លួន ទើបប្រញាប់ឱ្យអ្នកជិតខាងប្រាប់មេភូមិ ដើម្បីយ ករថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវបានគ្រូពេទ្យសង្គ្រោះទាន់ពេល ។
រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ព្រះគ្រូចៅអធិកាវត្តអូររអិលគណៈធម្មយុត្តិខេត្តប៉ៃលិននិងក្រុមការងារអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ បាននាំយកថវិកាចំនួន២០ម៉ឺនរៀល ទៅជួយឧបត្ថម្ភដល់ស្ត្រីរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស ដោយសាររន្ទះបាញ់នេះផងដែរ ។
សូមបញ្ជាក់ថា នេះទើបតែជាលើកទី១ហើយ ដែលខេត្តប៉ៃលិន,ជួបបញ្ហាគ្រោះថ្នាក់រងរបួសដោយសាររន្ទះបាញ់ស្រ្តីខាងលើ។ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងធ្លាក់ម្តងៗ ដើម្បីរក្សាសុវត្ថិភាពដល់អាយុជីវិត ៕ ស សារ៉េត