ខេត្តកំពង់ធំ៖ ក្មេងប្រុស៤នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា ចន្លោះម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១ ថ្ងៃរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ងកិច្ចបានឲ្យដឹងថា តាមការរៀបរាប់របស់ជីដូនចាស់ថា ចៅ៤នាក់ បាននាំគ្នាដើរចេញពីផ្ទះដោយនឹកស្មានថា ទៅតាមឪពុកម្ដាយនៅឯចំការឪឡឹក មិនដឹងថា ទៅមុជទឹកស្រះនោះទេ ក្រោយពីបាត់ចៅយូរពេក រហូតដល់ម៉ោង៥និង៣០នាទីល្ងាច ឪពុក ម្ដាយត្រឡប់ពីចំការមកវិញ មិនឃើញកូន ភ័យឆោឡោ រហូតដើររកមើលតាមស្រះ ក៏ឃើញក្មេងទាំង៤អណ្ដែតក្នុងទឹកស្រះ មិនដឹងស្លាប់ពីពេលណានោះទេ ទើបស្រង់សាកសពឡើងលើ ហើយបញ្ជូនទៅផ្ទះវិញ ដោយពិនិត្យឃើញថា ៣នាក់ជាបងប្អូនជីដូន១ ឯម្នាក់ទៀតជាអ្នកជិតខាង ។
ក្មេងរងគ្រោះទាំង៤នាក់ មានឈ្នោះ ទី១ វ៉ាន់ រ៉េត ភេទប្រុស អាយុ៤ឆ្នាំ ឪពុកឈ្មោះ ជុច វ៉ា ម្ដាយ ឈ្មោះ ហៀង ថា ;ទី២ឈ្មោះ មាន ម៉ន ភេទប្រុស អាយុ៤ឆ្នាំ ឪពុក ឈ្មោះ ហែល ម្ដាយឈ្មោះ ម៉ាន អាន ; ទី៣ឈ្មោះ ម៉ាន ផៃ ភេទប្រុស អាយុ៤ឆ្នាំ ឪពុកឈ្មោះ ម្ដាយឈ្មោះ ទី៤ឈ្មោះ ហែល រ៉ាវី ភេទប្រុស អាយុ៦ឆ្នាំ ឪពុកឈ្មោះ ប៉ិច ជា ម្ដាយឈ្មោះ ស៊ូ រ៉ាម អ្នកទាំងអស់គ្នា រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយមកសមត្ថកិច្ចធ្វើកុសល្យវិច័យលើសាកសពដោយពុំឃើញមានស្លាកស្នាមអ្វីផ្សេងក្រៅពីលង់ទឹកនោះទេ រួចក៏ប្រគល់សាកសពឲ្យឪពុកម្ដាយ ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រៃណី ៕ ប៊ុន រិទ្ធី