ព័ត៌មានទាន់ហេតុការណ៍៖

ជួបគូទំនាស់នៅកន្លែងតៀមស្រា ហូតដាវដេញកាប់សងគំនុំចាស់របួសធ្ងន់ ឈាមហូរស្រោចពេញខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសឈាមហូរស្រោចពេញទាំងខ្លួន បន្ទាប់ពីជនសង្ស័យម្នាក់ បានទាញដាវដេញកាប់ ក្នុងពេលដែលជនរងគ្រោះបានដើរចូលទៅទិញស្រា ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅមុខផ្ទះតូបលក់ឥវ៉ាន់ (ហៀងវ៉ា) ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហាក់ គឹមហៀន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ជនសង្ស័យមានឈ្មោះ វ៉ាត សារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ២នាក់ បងប្អូន មកទិញស្រា នៅតៀមលក់ឥវ៉ាន់ នៅក្នុងពេលដែលកំពុងទិញ ក៏ប្រទះឃើញជនសង្ស័យនៅទីនោះដែរ ពេលឃើញភ្លាមជនរងគ្រោះបានរត់គេចពីជនសង្ស័យ ។ ឃើញដូចនេះ ជនសង្ស័យ ក៏បានទាញដាវចេញពីម៉ូតូដេញតាមកាប់ប្រហារជនរងគ្រោះពីក្រោយយ៉ាងសន្ធាប់តែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសដេកដួលក្នុងថ្លុកឈាម ចំណែកឯប្អូនដែលមកជាមួយគេចរត់ចូលផ្ទះអ្នកស្រុក ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯជនសង្ស័យបានរត់គេចខ្លួននៅពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យកន្លងមកធ្លាប់មានទំនាស់នឹងគ្នា ដែលធ្វើឲ្យជនសង្ស័យគំគួនតាំងពីពេលមានទំនាស់មកតែម្តង ហើយនៅពេលឃើញជនរងគ្រោះ ក៏ធ្វើសកម្មភាពបែបនេះតែម្តង ៕ ចន្ថា
ae ae (1)


ចែករំលែក៖