ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបានចេញលិខិតឲ្យអាជីវករជាង៦០០នាក់ដាក់លក់ដូរតាមផ្លូវសាធារណៈ ជាបណ្តោះអាសន្នក្នុងរយៈពេល៣ខែ

ចែករំលែក៖

ខេត្តស្ទឹងត្រែង‌៖ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ‌២០១៧នេះ ក្រុមអាជីវករដែលអត់មានតូបដាក់លក់ប្រមាណជាង៦០០នាក់ ត្រូវបាននាំគ្នាមកក្រាលដាក់លក់នៅតាមផ្លូវសាធារណៈ នៅចំណុចទល់មុខមណ្ឌលសុខភាពខេត្តស្ទឹងត្រែង ស្ថិតនៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ប៉ុន្តែ‌ដោយឡែក ក្រុមអាជីវករមួយចំនួនធំ ដែលមានឈ្មោះប្រមាណជាង១ពាន់តូប ទាំងថ្មី ចាស់ បន្ទាប់ពីសាងសង់ផ្សាររួចរាល់មក ឥឡូវនេះត្រូវបានគណៈកម្មការរៀបចំផ្សារសាមគ្គីស្ទឹងត្រែង បានឲ្យអាជីវករដែលមានតូប ចូលដាក់លក់ក្នុងផ្សារកំណត់ចាប់ពីថ្ងៃទី៨ ខែមីនា ទៅដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដោយតម្រូវឲ្យរុះរើតូបចេញពីលើសួនច្បារទាំងអស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់ទីក្រុងឲ្យបានល្អស្អាត ពីព្រោះ‌ជិតដល់ថ្ងៃប្រារព្ធពិធីបុណ្យទន្លេ នៅប៉ុន្មានថ្ងៃទៀតខាងមុខនេះហើយ ។

បើតាមការរៀបរាប់ពីបងប្អូនអាជីវករ ដែលអត់មានតូបលក់ដោយដាក់លក់នៅតាមផ្លូវសាធារណៈ នៅចំណុចខាងលើនោះ‌‌‌ បានប្រាប់ឲ្យដឹងថា ពួកគាត់‌អត់មានតូបក្នុងផ្សារលក់ដូចគេទេ ហើយក៏គ្មានលុយទៅទិញតូបនោះដែរ ដោយសារតែតូបនៅក្នុងផ្សារមួយកន្លែងៗ មានទំហំមួយម៉ែត្រកន្លះ មានតម្លៃ‌១មឺុន៥ពាន់ដុល្លា រីឯតូបមានទំហំ២ម៉ែត្រ មានតម្លៃ‌២មឺុនដុល្លារទៅ៣មឺុនដុល្លារ តើឪ្យពួកគាត់មានលុយមកពីណាយកទៅទិញតូបបានលក់នឹងគេនោះ បើតូបមួយថ្លៃម្លឹងៗ ព្រោះ‌សព្វថ្ងៃនេះលក់មួយថ្ងៃសម្រាប់ហូបមួយថ្ងៃស្ទើរតែមិនគ្រប់ផង ។

ស្រ្តីដែលជាអាជីវករនោះបានបញ្ជាក់ថា អ្នកដែលអត់មានតូបប្រមាណជាង៦០០នាក់ទាំងថ្មី និងចាស់ បានមកក្រាលដាក់លក់តាមផ្លូវសាធារណៈនោះ ឥឡូវនេះ‌ត្រូវបានអាជ្ញាធរក្រុងមកវាស់វែងកន្លែងឲ្យលក់បណ្តោះអាសន្ន ដោយបានធ្វើលិខិតបញ្ជាក់ម្នាក់មួយច្បាប់ឲ្យពួកគាត់ ថាខ្លួនពិតជាអ្នករស់នៅភូមិឃំុខាងលើនោះមែន ហើយឲ្យយកពាក្យហ្នឹងទៅដាក់នៅសាលាក្រុង ដើម្បីស្នើសំុកន្លែងលក់បណ្តោះអាសន្ន ដោយបានកំណត់រយៈពេល៣ខែ បន្ទាប់មក បើសិនជាមានតូបទំនេរនៅក្នុងផ្សារ និងជួយរកកន្លែងឲ្យពួកគាត់បានចូលលក់ក្នុងផ្សារដូចគេឯងដែរ ។

នៅជំុវិញក្នុងរឿងនេះ លោក ប៉ុន ណារី អភិបាលក្រុងស្ទឹងត្រែង បានប្រាប់នៅថ្ងៃទី១៦ ខែមីនា ថា នេះជាគោលការណ៍ខាងខេត្ត និងរកដំណោះស្រាយ ដល់ក្រុមបងប្អូនអាជីវករទំាងអស់គ្នាហ្នឹង ពីព្រោះ‌អីពួកគាត់សុទ្ធតែអត់តូបប្រមាណ៣០០នាក់ តែឥឡូវនេះមិនដឹងមកពីណាខ្លះទេ ។ មានចំនួនរឹតតែច្រើនឡើងៗ នាំគ្នាសម្រុកចូលដាក់ពាក្យស្នើសំុ នៅសាលាក្រុងយ៉ាងកកកុញណែនតាន់តាប់ ខណៈនោះដែរ លោកក៏បានសូមឆ្លងយោបល់ពីលោកអភិបាលខេត្តស្ទឹងត្រែង ដើម្បី‌ជួយដោះស្រាយរកទីកន្លែងឪ្យពួកគាត់បានកន្លែងដាក់លក់បណ្តោះអាសន្នសិន ៕ មាស សុផាត

abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7)


ចែករំលែក៖