ខេត្តកណ្តាលៈ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើតាខ្មៅ ដេញតាមប្រម៉ាញ់ចាប់រថយន្តដឹកឈើមួយគ្រឿងបាន កាលពីវេលាម៉ោង១៧ និង២០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង លោកវរសេនីយ៍ទោ ជុន វណ្ណី បានឲ្យដឹងថា រថយន្តដឹកឈើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-3397 បើកបរដោយឈ្មោះ ថន ដាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលបើកបររថយន្ត មានទីលំនៅភូមិលេខ៧ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ទោ ជុន វណ្ណី បានបន្តថា រថយន្តខាងលើនេះដឹកឈើរបស់ក្រុមហ៊ុន ANG ANDASSOCIATESLAWYERS COL td ចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តតាកែវ ។ ដោយមានច្បាប់ត្រឹមត្រូវ តែអ្វីដែលខុសផ្ទុយពីច្បាប់នោះ គឺរថយន្តខាងលើនេះបានផ្ទុកឈើលើសចំនួនដែលមាននៅក្នុងច្បាប់អនុញ្ញាតិ ។ លិខិតអនុញ្ញាតដឹកជញ្ជូនផល-អនុផលព្រៃឈើលេខ១៣១៣ផរព.លដជ ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ ចេញដោយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង អនុញ្ញាតិឲ្យដឹកជញ្ជូនឈើ អារលេខ២ចំនួន១៧ម៉ែត្រគីប ។ ផ្ទុយទៅវិញលទ្ធផលដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនខាងលើនេះ បានដឹកលើសពីច្បាប់អនុញ្ញាតិ ទើបសមត្ថកិច្ចធ្វើការឃាត់រថយន្តខាងលើនេះ ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើអង្គស្នួល ដើម្បីចាត់ការបន្តតាមច្បាប់ ៕ស្អាងជ័យ