ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបមិនបានសម្រេចសមត្ត្ថកិច្ចចាប់បានម្នាក់ តាមក្របួចបក្ខពួកម្នាក់ទៀត រឹបអូសម៉ូតូពីរគ្រឿង

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយជនជាតិចិនម្នាក់តែមិនបានសម្រេច រហូតមានការប្រតាយប្រតប់គ្នាបណ្តាលឲ្យធ្លាក់ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ ប្រគល់ជូនសមត្ថកិច្ចនគរខណ្ឌសែនសុខ។បន្ទាប់មកទើប បន្តឈានទៅឆែកឆេរដល់កន្លែងលេងហ្គេមមួយកន្លែងចាប់បានជនសង្ស័យម្នាក់ទៀតនិងរឹបអូសម៉ូតូ២គ្រឿង ដាវកែច្នៃ២ដើម ទូហ្គេមបាញ់ត្រី១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រី្តនគរបាលនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សៅ សុខអៀម អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំវត្តតាំងកសាងខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យនិង ទី២ឈ្មោះ ចាន់ រ៉ាវីត អាយុ៣៤ឆ្នាំមុខរបរអ្នករត់ម៉ូតូឌុប និងជាអ្នកយាមផ្ទះ ដែលសមត្ថកិច្ចឆែកឆេរខាងលើ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យឆក់កាបូបមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាបុរសជនជាតិចិនតៃវ៉ាន់ មានអាយុជា៣០ឆ្នាំ ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូហុងដាសេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកមួកសុវត្ថិភាព វាយបុរសជនជាតិចិនដែលជិះម៉ូតូគុបជ្រុងម្នាក់ឯង ដើម្បីឆក់យកកាបូបស្ពាយតែមិនបានសម្រេចរហូត បុរសជនជាតិចិនប្រតាយប្រតប់ទាញធ្លាក់ ជនសង្ស័យម្នាក់ដែលជិះនៅខាងក្រោយធ្លាក់ពីលើម៉ូតូ។ ភ្លាមៗនោះកម្លាំងល្បាតនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកដល់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបានសាកសួរតាមក្របួចបក្ខពួក ដល់ម្តុំវត្តតាំងកសាងខាងត្បូងខណ្ឌពោធិ៍សែនជ័យតែមិនបានជោកជ័យ។ បន្ទាប់មក ជនសង្ស័យរូបនេះបានប្រាប់ទីតាំងដែលខ្លួននិងបក្ខពួកតែងតែសម្ងំលាក់ខ្លួនលេងល្បែងហ្គេមបាញ់ត្រី និងប្រើប្រាស់គ្រឿងញៀនជាចំណុចខាងលើ ទើបកម្លាំងរបស់លោក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងប្រចាំខណ្ឌសែនសុខផងក៏ ចុះគាស់កាត់សោដើម្បីធ្វើការឆែកឆេរនៅទីតាំងមួយនេះ។

លោកអធិការបន្តថា បន្ទាប់មកកម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដកហូតម៉ូតូចំនួន២គ្រឿង ដាវកែច្នៃចំនួន២ដើម ទូរហ្គេមបាញ់ត្រីមួយគ្រឿងនិង ឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួន។ចំពោះម៉ូតូ២គ្រឿងដែលរឹបអូសយកបានមានម៉ូតូម៉ាកវ៉េវ និងហុងដា គឺជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាបើ់ ៕ តុង សីហា

ចាប់ទូរសព្ទសែនសុខ ឆក់ទូរ សែនសុខ


ចែករំលែក៖