ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទឆក់ត្រី ដោយ ឃាត់ខ្លួនជនសង្ស័យ៦នាក់ នាំមកសួរនាំ នៅអធិការដ្ឋានស្រុកឯកភ្នំ ដោយមានវត្ត មានលោក ឡុង សុភឺន អភិបាល ស្រុកឯកភ្នំ ដឹកនាំកម្លាំងមន្ត្រីជំនាញ រដ្ឋបាលជលផលរួមទាំងកម្លាំងរាជអាវុធហត្ថស្រុកកម្លាំង នគរបាលនៃអធិការដ្ឋានស្រុកព្រមទាំង កម្លាំងសឹករងស្រុកបានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ។
លោក ណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំបានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីនេសាទឆក់ត្រីខុសច្បាប់ខាងលើនេះបានធ្វើឡើង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ចំណុច បឹងក្រសារ ស្ថិតក្នុងភូមិព្រែកហ្លួង ឃុំព្រែក ហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោក បន្តថាក្នុងកិច្ចប្រតិបត្តិការខាងលើនេះ គឺជាបទល្មើសជាក់ស្តែងមន្ត្រីជំនាញទាំងអស់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលកំពុងធ្វើសកម្មភាពឆក់ រួម មាន ទី១- ឈ្មោះ ណែម ណាន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ នេសាទ ,ទី២- ឈ្មោះ យី រិទ្ធី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នេសាទ ,ទី៣- ឈ្មោះ រ៉េត ណាន់ ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរនេសាទ ,ទី៤- ឈ្មោះ ពោ ផា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនេសាទ ,ទី៥- ឈ្មោះ ពេជ្រ ញ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទ , ទី៦-ឈ្មោះ ហម ហ៊ត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរនេសាទ ។ អ្នកទាំង៦នាក់ រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ត បាត់ដំបង ។
សម្ភារដកហូត រួមមានអាគុយ៧គ្រឿង អាំងវែរទ័រ៦គ្រឿង ដងឆក់៦គូ ។ ចំណែក ជនសង្ស័យខាងលើក្រោយពីឃាត់ត្រូវ បានលោក ឡុង សុភឺនអភិបាលស្រុកធ្វើការអប់រំឲ្យត្រឡប់ទៅទីលំនៅវិញ ។ រីឯ ឧបករណ៍ប្រើប្រាស់ក្នុងករណីបទល្មើស ឆក់ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ៕ ហេង នរិន្រ្ទ