ខេត្តប៉ៃលិន ៖ ល្បែងកន្ទុយលេខឆ្នោត មានទាំងសៀម និងវៀតណាម កំពុងមានការពេញនិយមសម្រាប់ប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងប៉ៃលិន ដោយមានមេ ឆ្នោតធំៗ នៅក្នុងផ្សារជាច្រើននាក់កំពុង កត់លក់យ៉ាងគគ្រឹកគគ្រេង ដោយជ្រក ក្រោមស្លាកឆ្នោតជាតិ។ រីឯសមត្ថកិច្ចហាក់ដូចជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។
មេឆ្នោតចំនួន៣នាក់ ក្នុងនោះមានផ្សារសាមគ្គីហៅប៉ាហ៊ីចំនួន២នាក់ និងនៅក្នុងផ្សារត្រីក្បែរគ្នាម្នាក់ ។ ចំណែកមួយចំនួន ទៀត ពេលឃើញអ្នកសារព័ត៌មានទៅដល់នាំគ្នាយកក្រដាសកាតុងសម្រាប់កត់កន្ទុយលេខឆ្នោតលាក់បាត់អស់ ។
ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តប៉ៃលិនបានព្រួយបារម្ភយ៉ាងខ្លាំងចំពោះ បញ្ហាភូមិឃុំមានសុវត្ថិភាព ខណៈល្បែង កត់កន្ទុយលេខឆ្នោត ត្រូវគេបើកលេងយ៉ាងពេញនិយមនៅតាមភូមិ និងនៅក្នុងផ្សារ នានាក្នុងខេត្ត ជាពិសេសផ្សារប៉ាហ៊ី តែម្តង។ កន្លែងណាមានល្បែងស៊ីសង ទីនោះតែងតែកើតមានអំពើលួចឆក់ប្លន់ កាប់សម្លាប់ និងអំពើហិង្សាក្នុងគ្រួសារ។ ម្យ៉ាងទៀត មានបុរសស្ត្រីខ្លះចំណាយ លុយចាក់ឆ្នោតក្នុង១ថ្ងៃៗ ចាប់ពី១លាន ទៅ២លានរៀល ហើយអ្នកខ្លះទៀតលេងឆ្នោតរហូតដល់លក់របស់របរក្នុងផ្ទះខ្ទេចខ្ទីអស់រលីងក៏មាន ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ល្បែងកន្ទុយលេខឆ្នោតដែលគេបើកលេងនោះខាងលោក អត់ដឹងនោះ ទេ ហើយបើសិនជាមានមែនខាងលោក នឹងចាត់ឱ្យសមត្ថកិច្ចចុះទៅត្រួតពិនិត្យមើល។ ម្យ៉ាងវិញទៀត ល្បែងឆ្នោតដែលគេកំពុងលេងនោះជាឆ្នោតជាតិដែលគេ មានច្បាប់ត្រឹមត្រូវ ។
ចំណែកលោក លឹម វាសនា អធិការ នគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ល្បែងកន្ទុយលេខឬឆ្នោត ដែលគេកំពុងបើកលេងនោះខាងលោកក៏អត់ដឹងដែរ បន្ទាប់ពី ទទួលបានព័ត៌មាននេះខាងលោកនឹងចាត់កូនចៅឱ្យចុះទៅមើល ៕ ហេង នរិន្រ្ទ