ភ្នំពេញ ៖ ប្រទេសកម្ពុជានិងវៀតណាម នឹងរៀបចំកិច្ចពិភាក្សាស្ដីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំង២ក្នុងពេលដ៏ខ្លីខាងមុខតាមតែអាចធ្វើបានបន្ទាប់ពីបញ្ចប់ ការកំណត់ព្រំដែនគោករួចរាល់។ ភាគីទាំង ២បានយល់ព្រមក្នុងការណែនាំដល់អាជ្ញាធរខេត្តជាប់តាមព្រំដែនរបស់ខ្លួនក្នុងការ រក្សាកិច្ចសហការជិតស្និទ្ធជាមួយគណៈកម្ម ការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកក្នុងការសាងសង់សសរព្រំដែន និងបង្គោលព្រំដែនបំពេញបន្ថែមនិងបង្កើន ការយល់ដឹងរបស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនអំពីសារសំខាន់នៃការ កំណត់ព្រំដែនខណ្ឌសីមា និងការការពារ សសរព្រំដែន ។
ជំហររបស់ប្រទេសទាំង២ដែលបាន បញ្ជាក់នៅក្នុងកិច្ចប្រជុំលើកទី១៥របស់ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យា សាស្រ្ដនិងបច្ចេកទេសរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧ ដោយ មានការចូលរួមពីលោក ប្រាក់ សុខុន ទេស រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិជាមួយលោកផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។
ទាក់ទងនឹងបញ្ហាព្រំដែនភាគីទាំង២ បានបញ្ជាក់ជាថ្មីពីការគោរពនិងការអនុវត្តយ៉ាងពេញលេញនៃសន្ធិសញ្ញាស្ដីពីការ កំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធដែលត្រូវបានចុះហត្ថលេខាដោយ ប្រទេសទាំង២។
ភាគីទាំង២បានកត់សម្គាល់ទៅលើ សមិទ្ធផលថ្មីៗដែលសម្រេចបានក្នុងការ កំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម (The Joint Commission on Demarcation and Abornment for Land Boundary-JBC) ។
ការកំណត់ខណ្ឌសីមាព្រំដែនគោក និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំង ២សម្រេចបានប្រមាណ៨៤ភាគរយយោង ទៅតាមសន្ធិសញ្ញាស្ដីពីការកំណត់ព្រំដែនរវាងប្រទេសទាំង២ ។
ជាមួយគ្នានោះកម្ពុជា-វៀតណាមបានយល់ព្រមបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ ប្រយុទ្ធ និងរឹតបន្តឹងពាណិជ្ជ កម្មខុសច្បាប់ឆ្លងកាត់ព្រំដែនដូចជា ឈើ សត្វព្រៃ ផលិតផលកៅស៊ូធម្មជាតិតាម រយៈការផ្លាស់ប្តូរព័ត៌មានជាទៀងទាត់រវាងមន្រ្តីអនុវត្តច្បាប់នឹងអាជ្ញាធរខេត្តតាមព្រំដែន។
ក្រៅពីនេះភាគីទាំង២បានប្រគល់ភារកិច្ចដល់ក្រសួងពាណិជ្ជកម្មកម្ពុជានិង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនូវភារកិច្ចមួយចំនួនរួមមាន៖
១-ពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ការរត់ពន្ធឆ្លងកាត់ព្រំដែន និងការកេង បន្លំពាណិជ្ជកម្មរួមមាន ការផលិត និងការ រត់ពន្ធទំនិញក្លែងក្លាយនិងទំនិញខូចគុណភាព ។
២-ភាគីទាំង២យល់ព្រមដោះស្រាយការខ្វែងគំនិតដើម្បីឈានទៅបញ្ចប់ការ ចរចានិងចុះហត្ថលេខានៅឆ្នាំ២០១៧នេះលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម ព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលវៀតណាម។ កិច្ចព្រមព្រៀងនេះនឹងចូលមក ជំនួសកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និង ការផ្លាស់ប្តូរទំនិញ និងសេវាកម្មនៅតំបន់ព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលវៀតណាម ។
៣-បញ្ចប់ការសិក្សាពីការរៀបចំផែន ការមេស្តីពីការអភិវឌ្ឍពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាមរហូតដល់ឆ្នាំ២០២៥ ដោយមានចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣៥ និងអភិវឌ្ឍបទបញ្ជាស្តីពីការគ្រប់គ្រងផ្សារតាមព្រំដែនរវាងប្រទេសទាំង២ ។
៤-រៀបចំសន្និសីទលើកទី៦ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាមនៅឆ្នាំ២០១៨ នៅកម្ពុជា ។
បន្ថែមពីលើនេះភាគីទាំង២ក៏បានឯកភាពគ្នាមួយចំនួនលើវិស័យពាណិជ្ជកម្ម និងវិនិយោគដោយភាគីទាំង២បានវាយ តម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងសម្រប សម្រួលដើម្បីជំរុញការវិនិយោគនៅក្នុង ប្រទេសនីមួយៗ និងយល់ព្រមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចតំបន់និងពិភពលោក ។
នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំលើកទី១៥របស់ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដ និងបច្ចេកទេសនោះដែរភាគីវៀតណាមនឹងពិចារណាបង្កើនការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាតាមការសើ្នសុំរបស់ ភាគីកម្ពុជាដោយស្របទៅតាមស្ថានភាពពិតពីភាគីវៀតណាម ។
ភាគីទាំង២បានយល់ព្រមសហការឲ្យ បានជិតស្និទ្ធក្នុងការដោះស្រាយវិធានការបច្ចេកទេស និងការធ្វើវិនិយោគដើម្បីធានាឲ្យបានប្រតិបត្តិការប្រកបដោយសុវត្ថិភាព អាចជឿជាក់បាននិងទៀងទាត់នៃការតភ្ជាប់ ប្រព័ន្ធបណ្តាញអគ្គិសនីរវាងប្រទេសទាំង២ជាពិសេសខ្សែបណ្តាញបែងចែកចូដុក-តាកែវ ដែលមានកម្លាំង២២០គីឡូវ៉ុល។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកថាម ពលភាគីវៀតណាមបានសន្យាធានាការ ធ្វើពាណិជ្ជកម្មថាមពលអគ្គិសនីក្នុងគោលបំណងប្រើប្រាស់អគ្គិសនីស្របទៅតាម សមត្ថភាពនិងកិច្ចព្រមព្រៀងរវាងភាគីទាំង២ ។
ភាគីទាំង២បានលើកទឹកចិត្តសម្រប សម្រួលការស្រាវជ្រាវ និងប្រើប្រាស់វិធានការបច្ចេកទេសទទួលយកការផ្គត់ផ្គង់អគ្គិសនីនៅរដូវភ្លៀងប្រហែល១០០មេហ្គាវ៉ាត់ ពីកម្ពុជាទៅវៀតណាមក្នុងឥរិយាបថដែលធានាប្រតិបត្តិការប្រកបដោយសុវត្ថិភាព អាចជឿជាក់បានប្រកបដោយភាពទៀងទាត់ ដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ប្រព័ន្ធអគ្គិសនីរបស់ប្រទេសទាំង២ ៕ ហេង សូរិយា