ព័ត៌មានទាន់ហេតុការណ៍៖

លួចមាន់៤ក្បាលរត់មិនរួច ម្ចាស់ទារជំងឺចិត្ត៦០ម៉ឺនរៀល គ្មានលុយឲ្យគេ ត្រូវបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រៃវែង៖ យុវជនម្នាក់លួចមាន់អ្នកភូមិផងរបងជាមួយគ្នា៤ក្បាល ប៉ុន្តែម្ចាស់មាន់មកទាន់ ភ្ញាក់ផ្អើលចាប់បានទាំងមាន់ ទាំងចោរ ប្រគល់ឲ្យសមត្ថកិច្ច ។ ម្ចាស់មាន់ទារសំណងជំងឺចិត្ត៦០ម៉ឺនរៀល ប៉ុន្តែយុវជនជាចោរគ្មានប្រាក់ ក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមច្បាប់ ។

ហេតុការណ៍លួចមាន់បានបង្កឲ្យភ្ញាក់ផ្អើលទាំងយប់ ម៉ោង៧ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។

លោក ស៊ឹម កុសល អធិការនគរបាលស្រុកពារាំងបានឲ្យដឹងថា ជនសង្ស័យដែលជាប់ចោទពីបទលួចមាន់ឈ្មោះ ប៉ិច ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពលួចមាន់ក្នុងផ្ទះរបស់អ្នកភូមិជាមួយគ្នា ។ ម្ចាស់មាន់ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅជាមួយគ្នាដោយយកមាន់បាន៤ក្បាល ហើយក៏ត្រូវម្ចាស់គេទាន់ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង ។

បើតាមអធិការស្រុកពារាំង ជនសង្ស័យឈ្មោះ ប៉ិច ភក្តីជាមុខសញ្ញាធ្លាប់លួចទ្រព្យសម្បត្តិអ្នកភូមិជាញឹកញាប់ ហើយការបញ្ជូនទៅសាលាដំបូងខេត្តពេលនេះ គឺតាមសំណើរបស់ម្ចាស់មាន់ ដែលទាមទារសំណងជំងឺចិត្តពីចោរ ជាថវិកា៦០ម៉ឺនរៀល ប៉ុន្តែចោរ ប៉ិច ភក្តី គ្មានប្រាក់សង ទើបម្ចាស់មាន់ជំរុញឲ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅសាលាដំបូងក្នុងពេលដែលមាន់ទាំង៤ក្បាល ត្រូវបានប្រគល់ឲ្យម្ចាស់វិញហើយ ។

រឿងនេះជំរុញឲ្យមានការបញ្ចេញយោបល់ជាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ មតិជាច្រើនបានកាន់ជើងចោរលួចមាន់នេះ ថា មិនគួរបើត្រូវបានបញ្ជូនទៅតុលាការដើម្បីកាត់ទោសនោះឡើយ ពីព្រោះគេយល់ថា មានបទល្មើសធ្ងន់ជាងនេះជាច្រើនដែលមិនត្រូវបានផ្តន្ទាទោស ។ យ៉ាងណាក៏ដោយ មតិខ្លះលើកឡើងថា វាគួរតែត្រូវទទួលទោសតាមច្បាប់ បើទោះបីជាអ្នកណាប្រព្រឹត្តទោសកំហុសបែបណាក៏ដោយ ពីព្រោះច្បាប់ សម្រាប់មនុស្សទាំងអស់គ្នាអនុវត្ត ។

គេមិនដឹងថា តើសាលាដំបូងខេត្តព្រៃវែង នឹងចាត់វិធានការយ៉ាងណាចំពោះយុវជនលួចមាន់៤ក្បាលនេះ នៅឡើយទេ ។

អ្នកភូមិវៃវេទ និយាយថា យុវជនជាប់សង្ស័យហាក់មានជំនាញក្នុងការលួចទ្រព្យសម្បត្តិអ្នកភូមិផងរបងជាមួយ ។ ដូច្នេះ គួរតែមានការព្រមានឲ្យបានធ្ងន់ចំពោះចោរម្នាក់នេះ ចៀសវាងមានការបាត់បង់ទ្រព្យសម្បត្តិរបស់អ្នកភូមិនៅថ្ងៃក្រោយទៀត ។ អ្នកភូមិក៏រំពឹងដែរថា នៅពេលដែលចេញពីពន្ធនាគារ យុវជនជាចោរលួចមាន់ខាងលើ មិនប្រព្រឹត្តអំពើចោរកម្មទៀតឡើយ ៕ ហេង សូរិយា

gggg
sasf sfsaf ffh


ចែករំលែក៖