ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម IS បង្កើនការវាយប្រហារភេរវកម្មនៅទីក្រុងបាដាដ

ចែករំលែក៖

នៅពេលដែលក្រុមភេរវកម្ម IS នៅក្នុង ប្រទេសអុីរ៉ាក់កំពុងតែបាត់បង់ទឹកដីជាបន្តបន្ទាប់ដោយការវាយប្រហារពីកម្លាំងទាហាន អុីរ៉ាក់ ដោយមានការគាំទ្រពីអាមេរិក និងសម្ពន្ធមិត្តនោះបានជំរុញឲ្យក្រុមនេះឈានចូលផ្លូវទាល់ ដោយបកទៅវាយប្រហារ តាមបែប «ចចកឯកោ» គឺបើកការវាយ ប្រហារភេរវកម្មដាច់ដោយឡែកពីគ្នាពីទីប្រជុំជនសម្លាប់ពលរដ្ឋស្លូតត្រង់គ្មានក្តី មេត្តាឡើយ។

សកម្មភាពខាងលើបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅពេល ដែលការវាយប្រហារកាន់តែកើនឡើងនៅក្នុងប្រទេសអុីរ៉ាក់ ក្នុងនោះមានទីក្រុងបា ដាដជាដើម។

ជាក់ស្តែងការវាយប្រហារនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នេះ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់១៥នាក់ បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះរថយន្តអត្តឃាតមួយនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសក្នុងទីក្រុងបាដាដ។ ចំណែកឯមនុស្ស ប្រមាណជា៤០នាក់ទៀត បានទទួលរង របួសនៅក្នុងហេតុការណ៍នេះ។

រថយន្តដែលមានផ្ទុកដោយប្រេងកាត ត្រូវបានគេប្រើប្រាស់ និងចុចបំផ្ទុះឡើង ហើយមិនទាន់មានក្រុមណាចេញមកអះអាងទទួលខុសត្រូវលើហេតុការណ៍វាយប្រហារនេះឡើយ។ ប៉ុន្តែគេជឿជាក់ថា ក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ិស្លាមដែលជារឿយៗ ជាអ្នកបើកការវាយប្រហារមកលើក្រុមយោធា និងប៉ូលិសស្ថិតនៅក្នុងតំបន់នានាក្នុងប្រទេសអុីរ៉ាក់។

ការវាយប្រហារខាងលើគឺជាការសងសឹកទៅនឹងកម្លាំងយោធាអុីរ៉ាក់ដែលបើកការវាយប្រហារទៅលើទីក្រុងម៉ូស៊ុល ដណ្តើមទីតាំងគ្រប់គ្រងពីដៃក្រុម IS មក វិញ។ នៅពេលនេះកម្លាំងទាហានក្រុម IS ជាច្រើនបានស្លាប់ និងរត់ភៀសខ្លួនទៅ កាន់តំបន់មានសុវត្ថិភាព។ អ្វីដែលព្រួយ បារម្ភជាងនេះនោះគឺ ខ្មាន់កាំភ្លើងក្រុម IS ដែលមានការបណ្តុះបណ្តាលកែច្នៃអាវុធជាតិផ្ទុះដោយខ្លួនឯងបានបង្កប់ខ្លួនជាមួយពលរដ្ឋស្លូតត្រង់ និងជនភៀសខ្លួនដើម្បី វាយប្រហារសងសឹកទៅលើការវាយ ប្រហាររបស់ទាហានអុីរ៉ាក់៕ ម៉ែវ សាធី

is-flag


ចែករំលែក៖