ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាអាមេរិកមិនបញ្ជូនកងពលនាវាចម្បាំងរារាំងចិនសាងសង់កោះសិប្បនិមិត្តនៅសមុទ្រខាងត្បូង?

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Dugerte កាលពីថ្ងៃទី២៩ ខែមីនា បាន ប្រកាសថា លោកធ្លាប់បានសួរអគ្គរដ្ឋទូតអាមេរិកប្រចំានៅហ្វុីលីពីនថា ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនមិនព្រមបញ្ជូនកង ពលនាវាចម្បាំងដាក់គំនាបចិនឲ្យបញ្ចប់ការសាងសង់កោះសិប្បនិមិត្តនៅសមុទ្រ ចិនភាគខាងត្បូង?

លោក ឌុយទែរតេ បញ្ជាក់ថា អគ្គរដ្ឋ ទូតអាមេរិកនៅហ្វុីលីពីនលោក Sung Kim មិនអាចឆ្លើយសំណួរខាងលើរបស់លោកបានឡើយ នៅពេលដែលជួបពិភាក្សានៅទីក្រុងដាវ៉ាវកាលពីដើមសប្តាហ៍កន្លងមក។

លោក ឌុយទែរតេ បានបញ្ជាក់ថា លោក បាននិយាយទៅកាន់មន្ត្រីស្ថានទូតអាមេរិក ថា លោកពិតជាភ្ញាក់ផ្អើលនៅពេលដែលអាមេរិកមិនមានសកម្មភាពណាមួយរារាំងចិន សាងសង់កោះសិប្បនិមិត្តខុសច្បាប់នៅសមុទ្រចិនភាគខាងត្បូង។ ប្រសិនបើ អាមេរិកមានបំណងរារាំងចិន ហេតុអ្វីមិន បញ្ជូនកងពលប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក មកទីនេះ ហើយចង្អុលចំមុខឲ្យចិនបញ្ចប់ ការសាងសង់។ អគ្គរដ្ឋទូតអាមេរិកដែល ទើបតែបញ្ជូនទៅកាន់ហ្វុីលីពីនកាលពីចុងឆ្នាំ២០១៦ មិនអាចបកស្រាយពីការចោទសួររបស់លោកបាននោះឡើយ។

ប្រធានាធិបតីហ្វុីលីពីនចង់បង្ហាញពីគោលនយោបាយច្បាស់លាស់ជាមួយ អាមេរិក និងចិនដោយលោកមានគោល ជំហរផ្ទុយពីមេដឹកនាំមុនៗ ដូចជាអតីត ប្រធានាធិបតី Aquino បានលើកបញ្ហា ខាងលើទៅដោះស្រាយនៅក្នុងតុលាការ អន្តរជាតិ។ សកម្មភាពទាំងនោះធ្វើឲ្យចិនកាន់តែខឹងសម្បា ហើយមិនអនុញ្ញាតឲ្យ ក្រុមអ្នកនេសាទហ្វុីលីពីនចូលទៅកៀក ប្រជុំកោះដែលមានវិវាទនេសាទនោះឡើយ។

ចំណែកលោក ឌុយទែរតេ អនុវត្តគោល នយោបាយត្រជាក់ជាមួយចិនក្នុងនោះ មានការបង្កើនទំនាក់ទំនងការបរទេស សេដ្ឋកិច្ចជាមួយចិនកាន់តែជិតស្និទ្ធតាម រយៈដំណើរទស្សនកិច្ចរបស់លោកទៅកាន់ ទីក្រុងប៉េកាំងក៏ដូចជា មន្ត្រីជាន់ខ្ពស់ប្រទេស ទាំង២ជួបពិភាក្សាគ្នាដោះស្រាយបញ្ហា វិវាទ។

សកម្មភាពរបស់លោក ឌុយទែរតេ បានបង្ហាញយ៉ាងច្បាស់ថា លោកមិនទុក ចិត្តអាមេរិកឡើយ ដោយអាមេរិកនិយាយបានតែមាត់មិនដែលឃើញធ្វើអ្វីកើតឡើយ ទុកឲ្យចិនធ្វើតាមចិត្តបានតែស្រែក និងបង្ក ឲ្យមានវិវាទកាន់តែខ្លាំងទៀតផង។

ជាមួយគ្នានេះដែរចិន និងហ្វុីលីពីននឹងជួបប្រជុំគ្នាជាលើកដំបូងនៅខែឧសភាខាង មុខដើម្បីពិភាក្សាអំពីយន្តការបើកកិច្ច ចរចាទ្វេភាគីទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការជូនដំណឹង របស់អ្នកនាំពាក្យក្រសួងការបរទេសចិន និងរបស់មន្ត្រីហ្វុីលីពីន។ ហ្វុីលីពីនដែលពីមុនមកក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតតែងតែទាមទារចរចាជា មួយចិនក្នុងក្របខ័ណ្ឌពហុភាគីជាជាងទ្វេភាគី។

កាលពីឆ្នាំទៅ តុលាការអន្តរជាតិក្រុង ឡាអេបានកាត់ក្តីឱ្យហ្វុីលីពីនឈ្នះ ចិនជា អ្នកខុស ដែលចង់គ្រប់គ្រងតំបន់ដែន សមុទ្រចិនខាងត្បូងតែម្នាក់ឯង។ តែ ក្រោយពីលោក ឌុយទែរតេ បានឡើងកាន់អំណាចក្រុងម៉ានីលមិនខ្វល់នឹងសាល ក្រមអន្តរជាតិមួយនេះទេ និងបានខិតរុលទៅរកក្រុងប៉េកាំងដើម្បីចំណេញពាណិជ្ជកម្ម និងវិនិយោគ។

ការក្រឡាស់ប្តូរគោលនយោបាយទៅឲ្យចិនបានផ្តល់លទ្ធផលថ្មីមួយទៀត គឺ សំណើជួបពិភាក្សាទ្វេភាគីនៅខែឧសភាខាងមុខដោយគ្មានលក្ខខណ្ឌ។ ចិន និង ហ្វុីលីពីនបានសម្រេចចិត្តរក្សាកិច្ចចរចា មិត្តភាពស្តីពីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ នេះជាសម្តីរបស់អ្នកនាំពាក្យក្រសួង ការបរទេសចិនទៅកាន់អ្នកសារព័ត៌មាន។

ក្នុងពេលពិគ្រោះពិភាក្សាការទូតជាលើក ទី២០ កាលពីខែមករា ប្រទេសទាំង២បានព្រមព្រៀងបង្កើតយន្តការពិគ្រោះទ្វេភាគីស្តីពីវិបត្តិនៅសមុទ្រចិនខាងត្បូងដែលជាឈ្នាន់ឆ្ពោះទៅសម្រេចការជជែកអំពីផលប្រយោជន៍រួមនឹងការពង្រឹងបន្ថែមកិច្ចសហ ប្រតិបត្តិការផង សន្តិសុខដែនទឹកផង។

បើតាមអ្នកនាំពាក្យចិនប៉េកាំងមានឆន្ទៈ ចង់ពង្រឹងកិច្ចចរចាជាមួយហ្វុីលីពីន ដើម្បីដោះស្រាយជម្លោះឱ្យបានសមស្រប និង បង្កើតបរិយាកាសល្អសម្រួលដល់កិច្ចសហ ប្រតិបត្តិការទ្វេភាគី និងការអភិវឌ្ឍមាន លំនឹង។ ចិនក៏បានអញ្ជើញឆ្មាំសមុទ្រហ្វុីលីពីនឱ្យទៅបំពេញទស្សនកិច្ចប្រទេស ចិនក្នុងពេលឆាប់ៗនេះ។ ឆ្មាំសមុទ្រប្រទេស ទាំង២ដែលបានសម្រេចធ្វើកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៧ ដើម្បីបង្កើនទំនុក ចិត្ត និងមិត្តភាពចិន-ហ្វុីលីពីនឱ្យកាន់រឹង មាំ។

សូមបញ្ជាក់ថា ជានិច្ចកាលចិនប្រាថ្នា ចង់បានណាស់ការចរចាទ្វេភាគី តែពីមុន មកបណ្តាប្រទេសជិតខាងជាប់ជម្លោះជា មួយចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូងរាប់ទាំងហ្វុីលីពីនផ្ទាល់ តែងជ្រើសរើសការ ចរចាពហុភាគីដើម្បីឱ្យមានទម្ងន់ខ្លាំង សម្រាប់ដាក់សម្ពាធលើចិន។ ពេលខ្លះ ដោយហេតុបញ្ហាសមុទ្រចិនខាងត្បូងនេះ ជំនួបកំពូលអាស៊ានត្រូវបរាជ័យដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន។ ប៉ុន្តែហ្វុីលីពីន ក្រោមការដឹកនាំរបស់លោក ឌុយទែរតេ បានជ្រើសរើសឱបតត្រុកទៅ រកចិន ព្រោះយល់ថាហ្វុីលីពីនមិនចង់ធ្វើសង្គ្រាមជាមួយចិន ព្រោះចិនខ្លាំងជាង៕ ម៉ែវ សាធី

durterte


ចែករំលែក៖