ខេត្តបាត់ដំបង៖ កងកម្លាំងសមត្ថកិច្ចបានប្រតិបត្តិការឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ក្នុងនោះ មានម្សៅក្រាមសង្ស័យថ្នាំញៀនខ្ទង់ម៉ឺនគ្រាប់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការកម្លាំងនគបាលនៃស្នងកាខេត្តបាត់ដំបង និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញា នួន សានផងដែរ បានចុះបង្រាបករណីជួញដូរគ្រឿងញៀនស្ថិតនៅចំណុចភូមិស្រឡៅទង់ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់បាត់ដំបង ។
ប្រភពបន្តថា ប្រតិបត្តិការទីតាំងខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ លោម ផាត ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ចាស់គ្រឿងញៀន និងឈ្មោះសោម នឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជាបក្សពួក ដែលជាមួយគ្នានោះដែរ បានចាប់វត្ថុតាំងថ្នាំញៀនទឹកកក(មេតំហ្វេតាមីន)១០កញ្ចប់ធំ ស្មើនឹងទម្ងន់១គីឡីក្រាម, មេតំហ្វេតាមីនគ្រាប់ ចំនួន៥សុង ស្មើនឹងមួយម៉ឺនគ្រាប់ ។
ប្រភពបន្តទៀតថា លុះនៅវេលាម៉ោង១៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចខាងលើនេះបានចុះបង្រាប នៅភូមិព្រះពទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្សយ័៣នាក់បន្ថែមទៀត ឈ្មោះ ញែម សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាយោធាការពារព្រំដែន៥០៤ ជាម្ចាស់ថ្នាំ, ឈ្មោះ ឡុង ចន្ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជាបក្ខពួក និងឈ្មោះ ប៉ីល សុគង់ ភេទប្រុស អាយុ៣១ឆ្នាំ ជាបក្ខពួក ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់ ៕ ថាច់ យ៉ាត