ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ​ សម្រេច​មិន​អនុញ្ញាត​ឲ្យលោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ឬ​ គជប​ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះទេ

ចែករំលែក៖

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែមីនា សម្រេចមិនអនុញ្ញាតឲ្យលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប នៅក្រៅឃុំបណ្តោះអាសន្ននោះទេ ។

លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា បញ្ជាក់ថា តុលាការកំពូល បានច្រានចោលចំពោះសំណើនេះហើយ ។ មូលហេតុសំខាន់ដែលតុលាការកំពូល មិនអនុញ្ញាតឲ្យនៅក្រៅឃុំនេះ ដោយសារលោក នី ចរិយា ជាប់ចោទពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលជាបទល្មើសឧក្រិដ្ឋ ។

គួរបញ្ជាក់ថា នគរបាលរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ខណៈតុលាការកំពូល ចាប់ផ្ដើមសវនាការរឿងក្ដីលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប នាព្រឹកថ្ងៃទី២៤ ខែមីនា កន្លងមក ។

ក្រុមអ្នកសារព័ត៌មាន ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការកំពូល ដើម្បីផ្តិតយករូបភាពនោះទេ ពួកគេបានត្រឹមឈរក្បែររបងតុលាការប៉ុណ្ណោះ ។ មួយរយៈចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មាន ហាក់ត្រូវបានហាមប្រាមជាបន្តបន្ទាប់ចំពោះរឿងក្តីរសើបមួយចំនួន តួយ៉ាងដូចករណី ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅឯសាលាដំបូងរាជធានីភ្នំពេញ ជាដើម ។

ឯកសារពីតុលាការកំពូល បង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ “សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ តាមមាត្រា២៩និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។

គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕ ចេស្តា

ae


ចែករំលែក៖