ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសូមឲ្យប្រជាពលរដ្ឋ និងយុវជនដែលបានចុះ ឈ្មោះបោះឆ្នោតហើយត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ។
សម្តេចតេជោបានថ្លែងតាមបណ្តាញសង្គមកាលពីថ្ងៃទី៣១ ខែមីនា យ៉ាងដូច្នេះថា៖
«រដូវចូលឆ្នាំគឺកាន់តែខិតចូលមកកៀកហើយ ទន្ទឹមនឹងការបោះឆ្នោតសង្កាត់ឃុំក៏នៅមិនឆ្ងាយប៉ុន្មានដែរ។ ប្រទេស ជាតិយើងក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រួមជាមួយកំណើនសេដ្ឋកិច្ច ៧.៧ភាគរយ ដែលធ្វើអោយ កម្ពុជាបានងើបស្មើមុខមាត់ជាមួយអន្តរជាតិ ។
ប្រទេសជាតិរីកចម្រើនទៅបាន ព្រោះយើងមានប្រជាពលរដ្ឋដែលមានការយល់ដឹងហើយបានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ជាពិសេសគឺការចូលរួមថែរក្សា ការពារសន្តិភាពដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់កម្ពុជាយើង។
សូមប្រជាពលរដ្ឋ និងយុវជនដែលបានចុះ ឈ្មោះបោះឆ្នោតហើយត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ នេះកុំបីខាន។
សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ» ៕