ប្រទេសម៉ាឡេស៊ី នៅទីបំផុតបានយល់ព្រមប្រគល់សាកសពលោក គីម ជុងណាម បងប្រុសឪពុកតែមួយ ម្តាយដូចខ្លួនរបស់មេដឹកនាំកូរ៉េខាងជើងដែលត្រូវបានធ្វើឃាតនោះទៅឲ្យកូរ៉េខាងជើងហើយ បន្ទាប់ពីការពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ។
ប្រភពប៊ីប៊ីស៊ី បានផ្សាយថ្ងៃទី៣១ ខែមីនាថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានថ្លែងថា ការពិនិត្យសាកសពមួយត្រូវបានយល់ព្រម ហើយការប្រគល់សាកសពលោកគីម ជុងណាម ក៏ត្រូវបានយល់ព្រមផងដែរ ។
ស្ថានការណ៍តានតឹងរវាងកូរ៉េខាងជើង នឹងម៉ាឡេស៊ី បានធូរស្រាលឡើងវិញហើយ ក្រោយពីពលរដ្ឋម៉ាឡេស៊ី៩នាក់ ដែលហាមមិនឲ្យចាកចេញពីកូរ៉េខាងជើងនាពេលកន្លងមកនោះ កាលពីព្រឹកថ្ងៃសុក្រ គឺបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញហើយ ។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានថ្លែងថា ពលរដ្ឋកូរ៉េខាងជើងទាំងអស់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីម៉ាឡេស៊ីវិញដែរ ។
គួររំលឹកថា បុរសម្នាក់ដែលត្រូវគេស្គាល់ថាជាលោក គីម ជុងណាមនោះ ត្រូវឃាតកលបធ្វើឃាតខណៈស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡាំពួរ ម៉ាឡេស៊ី កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ។
ឃាតកម្មនេះបានធ្វើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងកូរ៉េខាងជើងពាក់មុខយក្ស បញ្ចេញចង្កោមរកកល់នឹងខាំគ្នា ដោយម៉ាឡេស៊ីអះអាងថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយខ្នងឃាតកម្មដោយប្រើសារធាតុគីមីដ៏សាហាវនេះ ។ ប៉ុន្តែកូរ៉េខាងជើងវិញ បានច្រានចោល និងថា ការស្លាប់របស់ពលរដ្ឋកូរ៉េខាងជើងម្នាក់នោះ ដោយសារមូលហេតុគាំងបេះដូង លើសឈាមប៉ុណ្ណោះ ហើយបានទាមទារយកសាកសពនេះទៅកាន់កូរ៉េខាងជើង ប៉ុន្តែម៉ាឡេស៊ីមិនព្រម ដោយលើកឡើងថា ត្រូវការពិនិត្យ ឌីអិនអេ សាច់ញាតិជាមុនសិន ។
អូសបន្លាយពេលជាច្រើនថ្ងៃរហូតមកដល់ពេលនេះ រដ្ឋាភិបាលទាំងពីរនេះបានចាប់ពលរដ្ឋប្រទេសនីមួយៗធ្វើជាចំណាប់ខ្មាំង ហាមមិនឲ្យធ្វើដំណើរទៅមកនោះឡើយ ។ ប៉ុន្តែស្ថានការបានធូរស្រាលវិញហើយ នៅថ្ងៃទី៣១ ខែមីនា បន្ទាប់ពីកិច្ចពិភាក្សាគ្នា ម៉ាឡេស៊ីយល់ព្រមប្រគល់សាកសពឲ្យកូរ៉េខាងជើង និងដោះលែងចំណាប់ខ្មាំង រីឯទីក្រុងព្យុងយ៉ាងក៏អនុញ្ញាតឲ្យពលរដ្ឋម៉ាឡេស៊ីចេញពីប្រទេសរបស់ខ្លួនផងដែរ ៕ ថាច់ យ៉ាត