ខេត្តព្រៃវែង៖ មិនដឹងថា ជាមនុស្ស ឬជាតិអ្វីនោះទេ សូម្បីតែម្តាយក្មេកចាស់ជរាទៅហើយនោះ នៅហ៊ាចដាច់ចិត្តលើកព្រនង់សំពងលើក្បាលម្តាយក្មេកឮសូរតែផស់ៗ រងរបួសជាទម្ងន់ ដោយសារតែកូនប្រសារចិត្តខ្លាំង ស្រវឹងស្រាហើយដេញគាត់ចេញពីផ្ទះ ប៉ុន្តែគាត់ក្រាញ់ននៀលមិនទៅនោះ ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅស្រុកមេសាង ខេត្តព្រៃវែង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីហិង្សានេះបានកើតឡើងនៅចំណុចផ្ទះឈ្មោះ ប៉ាក់ ភឿង ភេទប្រុស អាយុ៤០ឆ្ន្នាំ ក្នុងភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ជាផ្ទះជនសង្ស័យបង្កហិង្សានេះតែម្តង ដែលត្រូវជាកូនប្រសារជនរងគ្រោះ ។
ប្រភពរាយការណ៍សមត្ថកិច្ចឲ្យដឹងថាថា ឈ្មោះ ប៉ាក់ ភឿង បានយកប្រនង់ឫស្សីប្រវែង១.២០ម៉ែត្រ វាយទៅលើ ឈ្មោះ មាំង ឈិត ភេទស្រី អាយុ៨៦ឆ្នាំ ដែលត្រូវជាម្តាយក្មេករស់នៅផ្ទះជាមួយគ្នា១ព្រនង់បណ្តាលឱ្យ មានមុខរបួសប្រវែង១០សង្ទីម៉ែត្រ រងរបួសជាទម្ងន់ ។
ប្រភពបន្តថា មូលហេតុដោយសារ ឈ្មោះប៉ាក់ ភឿង ជាជនសង្ស័យនេះស្រវឹងស្រាជាប្រចាំ ហើយឈ្លោះប្រកែកគ្នា ជេរ និងបណ្តេញម្តាយក្មេកឲ្យចុះចេញពីផ្ទះរបស់ខ្លួន ប៉ុន្តែម្តាយក្មេកមិនចុះចេញ ក៏ប្រើហិង្សាតែម្តង ។
ទោះបីយ៉ាងណា ពេលនេះជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនក្នុងភូមិបណ្តោះអាសន្ន រីឯជនសង្ស័យវិញ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិករដ្ឋាននគរបាលស្រុកមេសាងដើម្បីចាត់ការតាមនីតិវិធី ៕ ថាច់ យ៉ាត