ខេត្តកំពង់ស្ពឺ៖ ឈើប្រណីតប្រភេទធ្នង់ជាច្រើនដែលឈ្មួញបានប្រើរូបភាពជួលប្រជាពលរដ្ឋដឹកតាមរទេះគោ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលស្រុកឱរ៉ាល់បង្ក្រាបបានជាច្រើនរទេះ ។ ការបង្ក្រាបនេះធ្វើឡើងនៅព្រៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិរលាក់កងជើង ឃុំតាសាន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបញ្ជាក់ថា ឈើទាំងនេះត្រូវបានគេបង្ហើបថា ជារបស់ឈ្មួញម្នាក់ដ៏មានឥទ្ធិពលប្រចាំតំបន់ខាងលើ ។
លោកវរសេនីយ៍ឯក គឹម សារឿន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំកម្លាំងចុះបង្ក្រាបបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តកំពង់ស្ពឺ រូបលោក និងសហការី បានចុះទៅតំបន់ខាងលើបង្ក្រាបបានរទេះដឹកឈើប្រណីតចំនួន៩រទេះ ។ ការបង្ក្រាបនេះ មិនមានឃាត់ខ្លួនអ្នកបររទេះនោះទេ គឺគ្រាន់តែប្រមូលយកវត្ថុតាង និងកសាងសំណុំរឿងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ចែងបន្ត ។
មហាជនបានលើកឡើងថា ការដែលសមត្ថកិច្ចនគរបាលចុះមកបង្ក្រាបឈើក្នុងដែនសមត្ថកិច្ចរបស់បរិស្ថាននេះ ហាក់បីដូចជាមកវាយបំបែកឆ្នាំងបាយរបស់មន្ត្រីបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់អីចឹង ។
បើតាមមន្ត្រីមួយរូបបានបង្ហើបថា មូលហេតុដែលថ្នាក់លើបញ្ជាឲ្យកម្លាំងនគរបាលចុះបង្ក្រាប ដោយសារតែថ្នាក់លើមើលឃើញភាពអសកម្មរបស់មន្ត្រីបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បណ្តែតបណ្តោយឲ្យមានបទល្មើសព្រៃឈើកើតមានឡើងជាបន្តបន្ទាប់ ហេតុដូច្នេះហើយ ថ្នាក់លើហាក់អស់ជំនឿទៅលើមន្ត្រីបរិស្ថានទាំងនោះ ក៏ប្រគល់ភារកិច្ចទៅឲ្យនគរបាលខេត្តជាអ្នកអនុវត្តវិញ ។ ក្នុងនោះផងដែរ អ្វីដែលជាការកត់សម្គាល់របស់មហាជន គឺគេមិនដែលឃើញអស់លោកមន្ត្រីបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បង្ក្រាបបទល្មើសបានម្តងណាឡើយ ខណៈដែលគេដឹងថា បទល្មើសបានកើតមានព្រោងព្រាតចេញពីតំបន់មួយនេះ ។
មានការលើកឡើងថា បើសិនជាសមត្ថកិច្ចជំនាញបរិស្ថានមានឆន្ទៈបង្ក្រាបបទល្មើសព្រៃឈើមិនឲ្យកើតមាន វាជារឿងងាយណាស់ ប៉ុន្តែគេមិនព្រមធ្វើ បណ្តោយឲ្យមានបទល្មើសជាហូរហែរហូតដល់ថ្នាក់លើលែងទុកចិត្ត ៕ សេនាស័ក្តិ