ព័ត៌មានទាន់ហេតុការណ៍៖

ការប្រណាំងកង់ដ៏ធំនឹងធ្វើនៅភ្នំបូកគោជាលើកដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រណាំងកង់ជាលក្ខណៈអាជីពអន្តរ ជាតិដ៏ធំនឹងធ្វើជាលើកដំបូងនៅភ្នំបូកគោ នៃប្រទេសកម្ពុជា ((Mount BOKOR Challenge 2017)) ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា នេះជាការផ្តល់ឱកាសសម្រាប់កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាទទួលបានបទពិសោធន៍ពីបណ្ដាកីឡាករកីឡាការិនីជំនាញដែលមកពីបរទេស។ កាលពី ដើមទសវត្សឆ្នាំ១៩៧០កីឡាប្រណាំងកង់កម្ពុជាមានសក្ដានុពលខ្លាំងណាស់ ។

លោក វ៉ាត់ ចំរើន បានបន្តថា តាមរយៈព្រឹត្តិកាណ៍ប្រណាំងកង់នេះកម្ពុជានឹងរកបានកីឡាករ កីឡាការិនីល្អៗបន្ថែមទៀត ពិសេសកីឡាករវ័យក្មេងដែលជាថ្នាលសម្រាប់ត្រៀម ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ព្រឹត្តិការណ៍នេះអាចក្លាយជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំប្រសិនបើការប្រណាំងកង់នេះ ស័ក្តិសមទៅនឹងការចំណាយរបស់អ្នកឧបត្ថម្ភនោះ ។

លោកអគ្គលេខាធិការបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានបង្ហាញពីមហិច្ឆតា បង្កើតព្រឹត្តិការណ៍កីឡាឲ្យបានគ្រប់គោលដៅទេសចរណ៍ទាំងអស់ ជាពិសេសតំបន់ភូមិភាគឦសានដែលពុំទាន់បានធ្វើនៅឡើយ ។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរប្រណាំងកង់ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា ការប្រណាំងនេះប្រទេស ដែលចូលរួមប្រកួតមានប្រទេសអូស្ដ្រាលី បារាំង ឡាវ ម៉ាឡេស៊ី ញូវហ្សេឡេន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា ដែលមានអ្នកចុះឈ្មោះចូលរួមប្រកួតចំនួន៣២០នាក់។ ក្នុងនោះកីឡាករ កីឡាការិនីបរទេសចំនួន២០០នាក់ និងកីឡាករកីឡាការិនីកម្ពុជា១២០នាក់ ហើយការចុះឈ្មោះនៅមិនទាន់បញ្ចប់នៅឡើយទេ ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរប្រណាំងកង់ បានបញ្ជាក់ថា ការប្រកួតចែកចេញជា៥ប្រភេទ គឺប្រភេទជំនាញបុរសប្រណាំងចម្ងាយ៨៥គីឡូម៉ែត្រ ការប្រកួតជាលក្ខណៈ បើកទូលាយប្រកួតចម្ងាយ៨៥គីឡូម៉ែត្រ ប្រកួតសម្រាប់នារី ក្នុងលក្ខណៈបើកទូលាយចម្ងាយ៥១គីឡូម៉ែត្រសម្រាប់យុវជនចម្ងាយ៦៨គីឡូម៉ែត្រ និងសម្រាប់វ័យចំណាស់ចម្ងាយ៥១គីឡូម៉ែត្រ ។ ការប្រកួតគឺធ្វើនៅតំបន់ រមណីយ ដ្ឋានភ្នំបូកគោតែម្ដង។

សូមបញ្ជាក់ថា ការប្រកួតប្រណាំងកង់ដ៏ធំនេះមិនធ្លាប់មានទេសម្រាប់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ព្រឹត្តិការណ៍ប្រណាំងកង់នេះក៏អាចវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជាដើម្បីត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ធំថ្នាក់អន្តរជាតិ និងតំបន់ផងដែរ ៕ សារីម


ចែករំលែក៖