ភ្នំពេញ៖ គ្រាប់កាំភ្លើងM៧៩ ចំនួន៣១គ្រប់ ត្រូវបានបុរសវ័យចំណាស់ម្នាក់ប្រទះឃើញ ខណៈដែលគាត់ទិញដី១រថយន្តបែនទៅចាក់លុបកន្លែងទំនាបសម្រាប់សង់ផ្ទះ ហើយពេលកាយដីពង្រាយ ស្រាប់តែប្រទះឃើញគ្រាប់ទាំងនោះ ដែលសង្ស័យសេសសល់តាំងពីសម័យសង្គ្រាមនាឆ្នាំ១៩៧០និងឆ្នាំ១៩៧៥មកម្ល៉េះ ។ គ្រាប់ទាំងនោះបានមកជាមួយរថយន្តដឹកដីចេញពីការដ្ឋានកាយដីស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតសមរភូមិ ។
ហេតុការណ៍ប្រទះឃើញគ្រាប់នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមេសា ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡើងថ្ងៃទី២៦ ខែមេសា ឆ្នាំ២១៧ បុរសវ័យចំពាស់ខាងលើ រាយការណ៍ទៅសមត្ថកិច្ច ទើបបង្កឲ្យមានការភ្ញាក់ផ្អើលម្តងទៀត ។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលជាម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា គាត់មានឈ្មោះ ហេង គង់ អាយុ៥៧ឆ្នាំ មុខរបររត់រ៉ុម៉ក់កង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ។ នៅមុនពេលជួបប្រទះហេតុការណ៍ខាងលើនេះ គាត់បានទិញដីចំនួនមួយឡាន ដើម្បីចាក់បំពេញដីក្បែរផ្ទះ ក្រោយពីបានចាក់មួយឡាន គាត់ និងប្អូនប្រុសម្នាក់ទៀតបានទៅពង្រាយដីឲ្យស្មើ ក៏ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីចាស់តែម្តង ។
ក្រោយពេលប្រទះឃើញគ្រាប់នោះ រូបលោកមិនទាន់រាយការណ៍ទៅសមត្ថកិច្ច ព្រោះនៅមានការភិតភ័យមិនដឹងធ្វើយ៉ាងណា លុះព្រឹកឡើង ទើបសម្រេចចិត្តរាយាការណ៍ទៅសមត្ថកិច្ចតែម្តង ។
ពេលដឹងហេតុការណ៍នេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញ 《ស៊ីម៉ាក》 ចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យ ដោះយកគ្រាប់ទាំងនោះទៅរក្សាទុក ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ក្រោយពេលពិនិត្យមើលគ្រាប់ទាំងនោះ សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់ទាំងនោះ ជាប្រភេទគ្រាប់ M79 ដែលសេសសល់តាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ។
ក្រោយពេលត្រួតពិនិត្យ និងដោះយកគ្រាប់ទាំងអស់នោះហើយ សមត្ថកិច្ចបានយកទៅរក្សាទុកកន្លែងមានសុត្ថិភាព ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ៕ សុខាសែនជ័យ