ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតួSLលឿនជ្រុលបុករថយន្តរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖​ បុរស២នាក់ បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលបុករថយន្តពេញទំហឹង​ បណ្តាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០១៧ ​នៅចំណុចកើតហេតុ ស្តុបណានជីង​ តាមបណ្តោយផ្លូវលេខ១៦៩ ​កែងនឹងផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើត គេបានឃើញរថយន្តម៉ាកកូរូឡា​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2AN 5334 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៩​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូម៉ាក SL​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1X 9333​ ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបានទាញចង្កូតបំណងទៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក៏ជ្រុលបុករថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសទាំង២នាក់ចំណែករថយន្ត និងម៉ូតូរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖