ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកបាឡែនមួយគ្រឿងក្រឡាប់ផ្ងារកង់ធ្លាយចេញសុទ្ធតែឈើគ្រញូង

ចែករំលែក៖

ខេត្តឧត្តមានជយ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ រថយន្ដម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ អត់ស្លាកលេខ បានក្រឡាប់ផ្ងារកង់ចូលទៅក្នុងរណ្ដៅ ក្អែរចេញសុទ្ធតែឈើគ្រញូង ស្ថិតនៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថា ដោយសារតែតៃកុងរថយន្ដបើកលឿនដូចហោះ ពេលមកដល់ផ្លូវបត់ អកស៊ើក៏បានជ្រុលចង្កូតហួសផ្លូវចូលទៅក្នុងរណ្ដៅចញ្ចើមផ្លូវក្រឡាប់ផ្ងារជើងតែម្ដង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដដឹកឈើគ្រញូងក្រឡាប់ផ្ងារជើងខាងលើ គឺជារបស់មេឈ្មួញឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ាយ ដែលបានដឹកជញ្ជូនចេញពីតំបន់កងអនុសេនាធំលេខ៥ នៃសឹករងស្រុកត្រពាំងប្រាសាទ ។ ដោយគោលបំណងយកមកស្តុកទុកនៅក្នុងស្រុកអន្លង់វែង និងដឹកជញ្ជូនបន្ដទៅខេត្តស្វាយរៀងដែលជាខេត្តគោលដៅ និងបន្ដចូលទៅលក់នៅប្រទេសវៀតណាម។

រថយន្ដក្រឡាប់ខាងលើត្រូវបានគេឃើញមានផ្ទុកឈើគ្រញូងពេញប្រៀប បើតាមការប៉ានស្មានរបស់សមត្ថកិច្ចថា ប្រហែលជាងមួយតោន ។ នេះគ្រាន់តែជាការបឋមដែលជំនាញមិនទាន់មានការវាស់វែងបានត្រឹមត្រូវនៅឡើយ ។ ដោយឡែក រថយន្ដរួមទាំងវត្ថុតាងឈើគ្រញូងត្រូវបានមន្រ្ដីជុំនាញស្ទូចយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ដោយឡែកតៃកុង និងម្ចាស់បានរត់គេចខ្លួនបាត់ ៕ ប៉ែន នួន


ចែករំលែក៖